យើងខ្ញុំជាអ្នកធ្លាប់បានដាំដំណាំនេះចំនួនពីរលើក ទទួលបានផលយ៉ាងល្អ ប៉ុន្តែបន្ទាប់ពីបានផលយកទៅលក់នៅទីផ្សារ គ្មានអ្នកណាគេទទួលទិញសោះគេថា ពិបាកលក់ចេញ ពីព្រោះគេមិនសូវទិញ អ្នកលក់បន្លែបានណែនាំឲ្យយកទៅលក់ឲ្យតាមហាងបរទេសវិញក្រែងគេទិញ តែយើងខ្ញុំបានសម្រេចចិត្តឈប់ដាំ ពីព្រោះពុំមានសេចក្តីត្រូវការច្រើនក្នុងទីផ្សារ ។
ក្នុងរវាងប៉ុន្មានខែថ្មីៗនេះយើងខ្ញុំបានទទួលដំណឹងដ៏គួរឲ្យ រីករាយមួយគឺ ដំណាំនេះមានប្រសិទ្ធភាពយ៉ាងខ្លាំង សម្រាប់ជួយគ្រប់គ្រងជាតិស្ករ របស់អ្នកកើតជម្ងឺទឹកនោមផ្អែម ។ ប្រការដែលដំណាំពោតបារាំងនេះអាចគ្រប់គ្រង និងជួយកាត់បន្ថយជាតិស្ករ សម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែមជាកត្តាមួយសំខាន់ណាស់ ធ្វើឲ្យយើងខ្ញុំព្យាយាមស្វែងរកព័ត៌មានបញ្ជាក់ជាបន្ថែម ដើម្បីកំណត់ឲ្យបានច្បាស់ថា តើពិតឬទេដែលវាអាចជួយបាន ?
ខាងក្រោមនេះគឺជាវិធីយកពោតបារាំងមកព្យាបាលរោគទឹកនោមផ្អែម :
បន្ទាប់ពីបានស្វែករកអត្ថបទ និងឯកសារបញ្ជាក់មួយចំនួនកន្លងមក យើងខ្ញុំបានរកឃើញថា ផ្លែពោតបារាំង ’ពិត” ជាមានប្រសិទ្ធភាពកាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់អ្នក ដែលមានជម្ងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពបំផុត ។
សូមយកផ្លែពោតបារាំង (អូក្រា) ចំនួនពីរផ្លែកាត់ចុង និងដើមផ្លែចេញ រួចកាត់ចំកណ្តាលមួយឆូត (ទទឹងផ្លែ) ដាក់ផ្លែទាំងពីរចូលក្នុងកែវទឹកល្មមអាចលិចផ្លែ ដាក់អ្វីមួយគ្របពីលើទុកវាមួយយប់, ពេលព្រឹកឡើងមុនបរិភោគអ្វីទាំងអស់ មុនទាំងការលុបមុខផងដែរ ត្រូវព្យាយាមផឹកទឹកនេះ (ស្រង់ផ្លែចេញសិន) ឲ្យអស់ ។ ធ្វើបែបនេះឲ្យបានយ៉ាងតិចចំនួន ២សប្តាហ៍ ជាតិស្ករក្នុងឈាមនឹងថយចុះមកក្នុងកម្រិតធម្មតា អាការៈធ្វើទុក្ខនឹងថយចុះ សុខភាពនឹងបានប្រសើរឡើងវិញជាបន្តបន្ទាប់មិនខាន ។
នៅពេលដែលសុខភាពបានប្រសើរឡើងវិញហើយនោះ សូមកុំឈប់ពិសាត្រូវបន្តធ្វើវាឲ្យបាន ២ សប្តាហ៍ទៅមុខទៀត បន្ទាប់ពីនោះយើងអាចបន្ថយមកត្រឹម ២ ថ្ងៃម្តងក៏បាន ។ ឯវិធីមួយទៀតនោះ គឺត្រូវហាន់ផ្លែពោតបារាំងនេះទៅជាចំណិតៗរួច ដាក់ត្រាំក្នុងកែវទឹកទុកមួយយប់ តែត្រូវគ្របឲ្យជិតដាក់ត្រង់ទីត្រជាក់ព្រឹកឡើងយកទឹកនោះមកផឹក ដូចវិធីមុនៗដែរ ។
សូមជំរាបដល់អ្នកដែលមានកើតរោគទឹកនោមផ្អែមទាំងអស់ ទោះបីក្នុងកម្រិត១ ឬកម្រិត ២ ក្តី សូមសាកល្បងតាមវិធីខាងលើនេះ ចុះនឹងបានឃើញពីប្រសិទ្ធភាពរបស់វា ជាក់ជាមិនខានឡើយ ។ ការសាកល្បងពិសារទឹកត្រាំពោតបារាំងនេះ មិនមានគ្រោះថ្នាក់អ្វីដល់យើងឡើយ តែត្រូវលាងសំអាតវាសិនមុនពេលប្រើ ។ ក្រៅពីធ្វើតាមវិធីខាងលើ យើងនៅអាចយកផ្លែពោតបារាំងនេះមកស្រុះអន្លក់ទឹកគ្រឿងប្រហុកខ្ទិះ ប្រហុកអាំង ឬធ្វើជាស៊ុបក៏បានវាក៏មានឱជារសផងដែរ បើប្រើធ្វើជាអន្លក់នេះគឺជាវិធីដែលល្អបំផុត ។
ក្រៅពីវាជាអ្នកព្យាបាលរោគទឹកនោមផ្អែម ពោតបារាំងជាបន្លែ ដែលសំបូរទៅដោយវិតាមីនបេ៦ និងហ្វូលីអាស៊ីដ និងជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានតុល្យភាពប្រសើរ និងជាប្រក្រតី ។ អ្នកមានបញ្ហាពិបាកបត់ជើង លាមករឹង ឧស្សាហ៍ទល់លាមក សូមបរិភោគពោតបារាំងនេះឲ្យបានញឹកញាប់ វាអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារផង នឹងជួយឲ្យការបញ្ចេញលាមក បានងាយលែងមានបញ្ហាទៀត ។ ដំណាំពោតបារាំងនេះមិនមែនត្រឹមតែ ត្រូវបានគេដាំសម្រាប់ជាបន្លែ ប៉ុណ្ណោះទេ គ្រាប់របស់វាត្រូវបានគេយកទៅចម្រាញ់ជាប្រេង និងមានគុណភាពយ៉ាងល្អឯក សឹងប្រៀបស្មើរប្រេងអូលីវ (Olive) ។
ក្នុង ១ ហិកតា គេអាចចម្រាញ់យកជាប្រេងបានចំនួន ៧៩៤ គ.ក និងមានតម្លៃយ៉ាងល្អក្នុងទីផ្សារ ។ ជាដំណាំដែលងាយស្រួលដាំឆាប់ឲ្យផល និងមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព យើងក៏អាចស្ងោរផ្លែវាឲ្យជ្រូកស៊ីជាចំណីបានផងដែរ ។
បញ្ជាក់ : គ្រាប់អូក្រា (ពោតបារាំងទុំ) អាចលីងរួចកិនឲ្យម៉ដ្ឋប្រើជាជំនួសកាហ្វេបាន ។ គ្រាប់ពោតបារាំងនេះមានលក់នៅផ្សារអូឫស្សី ឬកន្លែងមានលក់ពូជដំណាំនានា ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1009:--okra--&catid=51:2010-12-10-02-41-42&Itemid=79