ប៊ឺលបឺរី (Billberry) ជាប្រភេទផ្លែឈើម្យ៉ាងមានពណ៌ខៀវបែកស្វាយ ។ គេឃើញមានច្រើននៅតំបន់អឺរ៉ុប កាណាដា និង សហរដ្ឋអាមេរិក ។ ភាគច្រើនគេនិយមយកវាមកធ្វើតំណាប់ ។ ក្រៅពីនេះគេក៏បានយកផ្លែនៃស្លឹក និង ទងទៅធ្វើជាម្សៅ ‹តែ› សម្រាប់ផឹកដើម្បីសុខភាពទៀតផង ។
គួររំឭកថា នៅក្រោយសង្គ្រាមលោកលើកទី២ អាកាសយានិកយោធារបស់អង់គ្លេសសង្កេតឃើញថា ទទួលទានតំណាប់ប៊ឺលប៊ឺរីមុនហាត់ហោះហើរ នៅពេលយប់ជួយឲ្យភ្នែកមើលឃើញ បានច្បាស់នៅក្នុងទីងងឹតរហូត ទាល់តែធ្វើឲ្យផ្លែប៊ឺលប៊ឺរីក្លាយជាអាហារ និងភេសជ្ជៈ ដើម្បីសុខភាពដ៏ពេញនិយមបំផុតមួយ ។ កត្តានេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ផ្លែប៊ឺលប៊ឺរីមានសារធាតុម្យ៉ាងឈ្មោះ អេនថូសៃយ៉ាណូសៃ ដែលមានឥទ្ធិពលជាភ្នាក់ងារទប់ស្កាត់រ៉ាឌីកាល់ស៊េរីខ្ពស់ នៅពេលធៀបទៅនឹងបន្លែផ្លែឈើផ្សេងៗ ហើយថែមទាំងជំនួយ និងបង្កើតរ៉ូដអប់ស៊ីនដែលជាសារធាតុជួយកែវភ្នែក ទើបជួយឲ្យភ្នែកមើលបានភ្លឺច្បាស់នៅក្នុងទីងងឹត ។
បច្ចុប្បន្ននេះមានការផលិតអាហារបំប៉ន ដែលចម្រាញ់ចេញពីផ្លែប៊ឺលប៊ឺរីដែលល្អ និងមានអត្ថប្រយោជន៍ចំពោះសុខភាពភ្នែក ដោយវាជួយរក្សាភ្នែកធ្វើឲ្យភ្នែកអាចមើលឃើញច្បាស់ល្អ ក្នុងទីងងឹត ជួយព្យាបាលអាការងងឹតភ្នែកពេលយប់ ជួយកាត់បន្ថយអាការចុករួយភ្នែក នៅពេលត្រូវប្រើភ្នែកសម្លឹងមើលអ្វីមួយយូរៗ ជួយការពារកញ្ចក់ភ្នែក ជួយឲ្យសរសៃទឹកប្រូតេអ៊ីនក្នុងភ្នែក និងសរសៃឈាមឆ្មារៗរឹងប៉ឹង និងជួយកាត់បន្ថយរ៉ាឌីកាល់សេរីក្នុងកញ្ចក់ភ្នែក ធ្វើឲ្យអាចការពារ អាការចុះខ្សោយដែលច្រើនតែកើតចំពោះភ្នែកដូចជា ភ្នែកឡើងបាយ ក្លូកូម៉ា (Glaucoma) និងមីញ៉ូបឆ្ងាយចំពោះមនុស្សចាស់ ។
ដូច្នេះការទទួលទានផ្លែឈើត្រកូលប៊ឺរីទាំងផ្លែស្រស់ និងកែច្នៃ សុទ្ធតែអាចជួយភ្នែកបានទាំងអស់ ។ ដូច្នេះបើចង់ឲ្យភ្នែកមានប្រសិទ្ធភាពប្រើការបានយូរ សូមសាកល្បងរកផ្លែឈើពពួកផ្លែប៊ឺរី មកទទួលទានឲ្យបានញឹកញាប់ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=960:2011-02-12-02-47-48&catid=51:2010-12-10-02-41-42&Itemid=79