Showing posts with label តារាខ្មែរ. Show all posts
Showing posts with label តារាខ្មែរ. Show all posts

តារា​ចម្រៀង ខេមរៈ សិរី​មន្ត​ ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ

លោក ​ខេមរៈ សិរី​មន្ត​ ពេលទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ (រូបថត កោះសន្តិភាព)
លោក ខេមរៈ សិរី មន្ត ពេលទទួល បាន មេដាយ ស្ថាបនា ជាតិ (រូបថត កោះសន្តិភាព)
ខេត្ត​កំពង់​ចាម​ ៖ តារា​ចម្រៀង​លោក ខេម​រៈ សិរី​មន្ត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ​ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បំពាក់​មេដាយ​ស្ថាប​នា​ជាតិ​ ព្រោះ​​លោក​មាន​ស្នា​ដៃ​ក្នុង​ការ​ចូល​រួម​ចំណែក​កសាង​សមិទ្ធ​ផល​នានា​នៅ​ក្នុង​វត្ត​ជោតតនា​រាម​ស្ថិត​ក្នុង​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​។ លោក ខេមរៈ សិរី​មន្ត​ ​និយាយ​ថា ការ​បំពាក់​មេ​ដាយ​ស្ថាប​នា​ជាតិ​ដល់​រូប​លោក​ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​បុណ្យ​ឆ្លង​​អគារ​សាលា​ឆាន់​ និង​សមិទ្ធ​ផល​មួយ​ចំនួន​ទៀត​ក្នុង​​វត្ត​ជោត​ត​នា​រាម​។ កន្លង​មក​​រូប​លោក និង​ក្រុម​គ្រួសារ​បាន​ចូល​បច្ច័យ​យ៉ាង​ច្រើន និង​ជា​បន្ត​បន្ទាប់​​ក្នុង​ការ​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​​​ សំខាន់​សាលា​ឆាន់​ដែល​ត្រូវ​ដាក់​សម្ពោធ​នា​ឱកាស​នោះ​។ មូល​ហេតុ​ដែល​លោក​ចូល​បច្ច័យ​កសាង​សមិទ្ធ​ផល​ក្នុង​វត្ត​នោះ​ ព្រោះ​លោក​ និង​ក្រុម​គ្រួសារ​សុទ្ធ​សឹង​ជា​អ្នក​ដែលមាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា​ ម្យ៉ាង​ទៀត​ទីនោះ​ជា​កន្លែង​កំណើត​របស់​លោក​។
លោក ​ខេមរៈ សិរី​មន្ត​ ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ​ (រូបថត កោះសន្តិភាព)
លោក ខេមរៈ សិរី មន្ត ទទួល បាន មេដាយ ស្ថាបនា ជាតិ (រូបថត កោះសន្តិភាព)
លោក ខេមរៈ សិរី​មន្ត​ ជា​តារា​ច​ម្រៀង​មាន​​ប្រជា​ប្រិយ​ភាព​មួយ​រូប​ ពិសេស​ផ្នែក​​យុវ​វ័យ​។ លោក​កំពុង​តែ​រស់​នៅ​ដោយ​មាន​សេចក្តី​សុខ​ និង​កាក់​កប​ក្នុង​ផលិត​កម្ម​សាន់​ដេ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ផលិត​កម្ម​យូ​ធូ​កាល​ពី​ប៉ុន្មានឆ្នាំ​មុន​​។ ​បទច​ម្រៀង​របស់​លោក​ច្រើន​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ស្រទាប់​យុវ​វ័យ​។ ថ្វី​ដ្បិត​តែលោក សិរី​មន្ត នៅ​កំលោះ​ តែ​ហាក់​មិន​មាន​ការ​ធ្លាយ​ចេញ​បញ្ហា​បេះ​ដូង​ ឬ​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​ឡើយ​។ ជា​មួយកេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ​ពេល​នេះ​លោក ខេមរៈ សិរី​មន្ត ធ្វើឱ្យ​មហា​ជន​មាន​ការ​ចាប់​អារម្មណ៍​ដោយ​សារ​ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិដែល​បំពាក់​ជា​កិត្តិ​យស​ដោយ​សម្តេច​អគ្គ​មហា​​ពញា​ចក្រី ហេង សំរិន ។ កិត្តិ​យស​ដែល​ទទួល​បាន​​នេះ​ ព្រោះ​​តែ​លោក​​ជា​សប្បុ​រស​ជន​មួយ​រូប​រួម​កសាង​សមិទ្ធ​​ផល​ក្នុង​វត្ត​ ៕

Source: http://kohsantepheapdaily.com.kh/article/20110330-002755.html

នាង​ក្អ​យ​ជាប់ទាក់ទង​ជាមួយនឹង​រថយន្ត ៨ គ្រឿង​ផ្សេងទៀត​

ភ្នំពេញ: តារា​កំប្លែង នាង ជួន ចាន់​រតនា ហៅ​ក្អ​យ ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ល្មើស​ជួល​រថយន្ត​របស់​អ្នកដទៃ ហើយ​យកទៅ​បញ្ចាំ​នោះ ត្រូវបាន​ម្ចាស់​រថយន្ត​ចំនួន ៣ នាក់ ផ្សេងទៀត ដាក់ពាក្យ​ប្តឹង​មក​តុលាការ​ឲ្យ​ចាត់វិធានការ​លើ​រូបនាង តាមផ្លូវ​ច្បាប់​ទាក់ទិន​ទៅនឹង​រថយន្ត​ចំនួន ៨ គ្រឿង ទៀត​ដែល​នាង​ក្អ​យ​បាន​ជួល​យកទៅ ។
​ ​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១១ លោក គាំ ច័ន្ទ​មុនី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​លំនៅដ្ឋាន​ផ្ទះ​លេខ​៨៥៨ ផ្លូវ​លេខ​៣៥៥ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បានមក​ដាក់ពាក្យ​ប្តឹង​នៅ​តុលាការ​រាជធានី​ភ្នំពេញ ករណី​នាង ជួន ចាន់​រតនា ហៅ​ក្អ​យ បាន​ជួល​រថយន្ត​របស់គាត់​ចំនួន ៥ គ្រឿង​មាន​លុច​ស៊ី​ស ២ គ្រឿង និង​កាមរី ៣ គ្រឿង​ថា យកទៅ​ប្រើប្រាស់ ប៉ុន្តែ​បច្ចុប្បន្ន​កិច្ចសន្យាជួល​ចប់​ហើយ ប៉ុន្តែ​នាង​មិនបាន​ឲ្យ​រថយន្ត​មកវិញ​ទេ ។​
​ ​ករណី​ទី​២ គឺមាន​រថយន្ត​២​គ្រឿង ត្រូវបាន​នាង​ក្អ​យ​ជួល​ពី​បុរស​ម្នាក់ទៀត ហើយ​សំណុំ​រឿងនេះ​កំពុងស្ថិត​នៅក្នុង​ចំណាត់ការ​របស់​ព្រះរាជអាជ្ញា​អម​តុលាការ ។​
​ ​ចំណែក​ករណី​ទី​៣ គឺមាន​រថយន្ត​មួយគ្រឿង​ទៀត ត្រូវបាន​នាង​ក្អ​យ​ជួល​ពី​បុរស​ម្នាក់​ផ្សេងទៀត ហើយ​បាត់​រថយន្ត​នោះ​រហូតមកដល់​បច្ចុប្បន្ន ។​
​ ​ចំណែក​សំណុំរឿង​ទី​៤ ចាត់ទុកថា នាង ជួន ចាន់​រតនា ហៅ​ក្អ​យ​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដោយសារតែ​ជនរងគ្រោះ​កើតទុក្ខ​មិន​សុខចិត្ត លើ​ចំណាត់ការ​របស់​នគរ​បាល​ក្រសួងមហាផ្ទៃ ដែល​ចាប់បង្ខំ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ទី សុធី​តា ភេទ​ស្រី ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១៦០០០ ដុល្លារ ដើម្បី​យកទៅ​លស់​រថយន្ត​របស់ខ្លួន​ចំនួន ២ គ្រឿង ដែល​នាង​ក្អ​យ ជួល​ហើយ​យកទៅ​បញ្ចាំ​នៅ​កុងស៊ី ដោយ​ពុំមាន​ប័ណ្ណ​សំគាល់​យានយន្ត​ផង តែ​ម្ចាស់​កុងស៊ី​ហ៊ាន​ទទួល​បញ្ចាំ​ក្នុង​តំលៃ​យ៉ាងខ្ពស់ ។​
​ ​ក្នុង​សំណុំ​រឿងក្តី​ទី​៤ នេះ​ផងដែរ ដែល​ពាក់ព័ន្ធ​ទៅនឹង​នាង​ក្អ​យ គឺ​ត្រូវបាន​សំរបសំរួល​ដោះស្រាយ​នៅត្រឹម​នគរបាល​យុត្តិធម៌ ហើយ​បើ​ជនរងគ្រោះ​មិន​ទទួលយក​ដំណោះស្រាយ ដូចដែល​បាន​ពោល​មក​ខាងលើ ក៏​គ្មាន​វិធី​ណា​យក​រថយន្ត​របស់ខ្លួន​មកវិញ​ដែរ ព្រោះ​ក្រោយពី​ចាប់ខ្លួន​នាង​ក្អ​យ​ហើយ មាន​មន្ត្រី​ថ្នាក់​អ​ន្ទ្រើ​សៗ​ខ្លះ​ចេញមុខ​ដោយ​ឥត​អៀនខ្មាស សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​នាង​ក្អ​យ ប៉ុន្តែ​ដំណោះស្រាយ​របស់​ព្រះរាជអាជ្ញា​អម​តុលាការ គឺ​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​ដោះស្រាយ​សំណង​របស់​ជនរងគ្រោះ​ជាមុនសិន ទើប​ឈានទៅ​ធ្វើការ​ដោះលែង​នាង​ក្អ​យ​វិញ ៕

Source: http://www.camnews.org/

យុត្ថារា ឆាន្នី ​អំពាវ​នាវ​សុំ​ឱ្យ​ប្រជា​​​ពលរដ្ឋ​កម្ពុជា​​បិទ​ភ្លើង​​សម្រាប់​ទិវា Earth Hour

(រូបភាព​ពី​វ៉េបសាយsabay)
(រូបភាព ពី វ៉េបសាយsabay)
រាជធានីភ្នំពេញ ៖ ​លោក យុត្ថារា ឆាន្នី ​ដែល​ជា​តារា​ភាពយន្ត​​ដ៏​មានឈ្មោះ​​​បោះសំឡេង​​បំផុត​ម្នាក់​​​នៅ​ក្នុង​​​វិស័យ​សិល្បៈ​​ភាពយន្ត​កម្ពុជា និង​​ជា​អនុ​ប្រធាន​​​សមាគម​​សិល្បករ​ខ្មែរកំពុង​ដើរ​​តួនាទី​​ជា​ឯកអគ្គរាជទូត​​សម្រាប់​ទិវា Earth Hour ហើយ​នឹង​ចូលរួម​បិទ​ភ្លើង​​​នៅថ្ងៃសៅរ៍ ទី​​​២៦ មីនា ​​វេលាម៉ោង​​​៨​និង​​៣០នាទី​​យប់​ និង​​​​ធ្វើ​​​សកម្ម​ភាព​​ជាវិជ្ជ​មាន​សម្រាប់​ភពផែនដី ។ ​ការ​​ធ្វើស​កម្ម​ភាព​សម្រាប់​​​ភពផែនដី​​​ដោយ​​តារា​​សម្តែង​​ដ៏​មានប្រជា​ប្រិយភាពក្នុង​​ចំណោម​​មហា​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស​​​រូបនេះ ​ជា​ទង្វើ​​ និង​គំរូ​មួយ​ដ៏ប្រសើរ ​ដែលនឹង​​ជំរុញទឹកចិត្ត​​​អ្នកគាំទ្រ​​​លោក និង​ក្រុម​គ្រួសារ ​ព្រម​​​ទាំង​​​មិត្ត​ភក្តិ ​ឱ្យ​ចូល​រួម​​​ជាមួយ​​​ប្រជា​ជាតិ​ដទៃៗ​ទៀត​នៅ​​លើ​ពិភព​លោក ​ក្នុងការ​​ប្រារព្ធ​សកម្ម​ភាព​​ជា​វិជ្ជ​មាន​​សម្រាប់​​​​ប្រយោជន៍​​ដល់​ភព​ផែនដី ។​
លោក ឆាន្នី ​​បាននិយាយ​ថា ​«ភព​ផែនដី​​​ជា​របស់​យើង​​​ទាំងអស់គ្នា ហើយ​យើង​​មានលទ្ធ​ភាព​អាច​ធ្វើ​សកម្ម​ភាព​ ដើម្បី​​​រួមចំណែក​​ក្នុង​ការ​​ការ​ពារ» ។ ​លោកបាន​អំពាវ​នាវ​ថា «នៅថ្ងៃ​សៅរ៍ ទី​​២៦ មីនា ​វេលាម៉ោង​​​​៨​និង​​៣០នាទី​​យប់ ​សូម​ចូលរួមប្រារព្ធ​​​សកម្មភាព​វិជ្ជ​មាន​សម្រាប់​ភព​ផែន​ដី​​​តែមួយគត់​របស់​​​យើង ​ជាមួយ​ប្រជា​​ជាតិដទៃៗ​នៅលើ​ពិភពលោក ។ ​ក្នុងនាមជា​​ប្រជាពលរដ្ឋ​​សាមញ្ញ ​យើង​អាច​ធ្វើ​សកម្មភាព​ទោះ​តូច ឬ​ធំ​ដើម្បី​​រួមចំណែក​​ក្នុងការ​កាត់​បន្ថយ​​​បរិមាណ​ឧស្ម័ន​​កាបូនិច ដែល​សាយភាយ​ទៅក្នុង​បរិយា​កាស និងធ្វើសកម្មភាព​​​ផ្សេងៗ​ទៀត ​ដើម្បី​ដោះ​ស្រាយ​​ការប្រែប្រួល​​អាកាសធាតុក្នុង​ការ​រស់នៅ​​ប្រចាំ​ថ្ងៃ» ។​
Earth Hour គឺជា​យុទ្ធ​នាការ​​លើក​កម្ពស់​​ការ​យល់​ដឹង​​​ស្តីពី​​​បរិស្ថាន​​ធំជាង​គេបំផុតនៅលើ​ពិភព​លោក​​ ។ ​បច្ចុប្បន្ន​​​​យុទ្ធ​នាការ​​កំពុង​​​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ ​ក្រុមហ៊ុន​ឯកជន ​ព្រមទាំង​​បណ្តា​សហគមន៍​​​នៅលើ​​សាកល​លោក ​ឱ្យបិទ​ភ្លើង​​​រយៈ​ពេល​​១ម៉ោង ​នៅថ្ងៃទី​​​២៦ មីនា វេលា​ម៉ោង​​៨​និង​​​៣០នាទី​​យប់ (ម៉ោង​ក្នុងស្រុក) ​ក្នុង​ឆន្ទៈ​​លើក​​កម្ពស់​​​ការយល់​​​ដឹង​ស្តីពី​ការ​ប្រែប្រួល​​​អាកាស​ធាតុ ។​
ស្របពេល​ជាមួយ​​​​​នឹង​ទិវា Earth Hour ជិត​ចូូល​មកដល់ ​ក្រុមហ៊ុន​ឯកជន​​​ប្រមាណ​​ជាង​​៦០​កន្លែង ​នៅក្នុង​​រាជធានីភ្នំពេញ ​ព្រមទាំង​​ក្រុម​ប្រជា​ពលរដ្ឋ​​ដទៃជា​ច្រើនទៀត​នៅទូទាំង​​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​នឹង​ចូលរួម​​​បិទភ្លើង​​​រយៈ​ពេល​​​១ម៉ោង ដើម្បីប្រារព្ធ​​សកម្មភាព​ដែល​ពួកគេ​​ធ្វើ​​ឡើង​ក្នុង​​ការការពារ​បរិស្ថាន​​នៃភព​ផែនដី ។ សកម្មភាព​ដែល​​អ្នក​​អាច​ធ្វើបាន​ជា​ប្រយោជន៍​​សម្រាប់ភព​ផែនដី​​ចាប់​ផ្តើម​​​ជា​មួយ​ការ ចូលរួម​ទិវា Earth Hour ដោយបិទភ្លើង​​​១​ម៉ោង​​នៅ​ថ្ងៃទី​​​២៦ មីនា វេលាម៉ោង​​​៨​និង​​​៣០​នាទី​​យប់ ហើយ​​ជួយផ្សព្វផ្សាយ​​បន្ត​អំពី Earth Hour ដល់​ក្រុម​គ្រួសារ ​មិត្តភក្តិ ​មិត្ត​រួមការងារ និង​​បន្តធ្វើ​​សកម្មភាព​ជាវិជ្ជ​មាន​​​ក្នុងជីវិត​រស់​នៅ​​​ប្រចាំ​​ថ្ងៃ​ដើម្បី​​និរន្តរ​ភាពភព​ផែនដី ៕

លោក ទេព ​រិនដារ៉ូ ​ចូលរួមទិវា ​Earth Hour ២០១១ ​ក្នុងនាម​ជា​ឯកអគ្គ​រាជទូត

លោក ទេព រិន​ដារ៉ូ (​រូបថត សហការី​)
លោក ទេព រិន ដារ៉ូ ( រូបថត សហការី )
រាជធានីភ្នំពេញ ៖ លោក ទេព រិន​ដារ៉ូ ​ដែលជា​​តារា​ភាពយន្តដ៏​មានប្រជាប្រិយ​បំផុត​​ម្នាក់​នៅ​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​​នឹង​​បិទ​ភ្លើង​​​នៅថ្ងៃទី​​​២៦ មីនា ឆ្នាំ​២០១១ ​ដើម្បី​ចូលរួម​​អប​អរ​​ទិវា​​​១ម៉ោង​​សម្រាប់​​​ភព​ផែនដី (Earth Hour) ចូលរួមផ្សព្វផ្សាយ​​​យុទ្ធ​នាការ​​​​បរិស្ថាន​នេះ​ដើម្បី​លើក​ទឹកចិត្ត​​ប្រជាពលរដ្ឋ​កម្ពុជាទាំង​អស់​​ឱ្យចូលរួម​ និងធ្វើ​​សកម្មភាព​ជាវិជ្ជ មាន​​​សម្រាប់ភព​ផែនដី ។​
លោកដារ៉ូ បាន​ចាប់​យក​​អាជីព​ជា​អ្នក​សម្តែង​​​សិល្បៈ​​ភាព​យន្ត​ចាប់តាំង​ពី​ទសវត្ស​ឆ្នាំ​៨០​មក ។ ​លោកជា​តារា​​​សម្តែង​​​ជើងចាស់​មួយ​រូប​ដែល​មានកេរ្តិ៍​ឈ្មោះ​​​​បោះសំឡេង​​​ក្នុងវិស័យ​​​​សិល្បៈ​ភាពយន្ត​កម្ពុជា ទាំង​ក្នុង​​អតីត​កាល និង​​ក្នុងពេល​​បច្ចុប្បន្ន ​សម្រាប់ទាំង​​នៅ​ក្នុង និងក្រៅ​ប្រទេស ។ ​ក្រៅពី​ការបំពេញ​ភារ​កិច្ច​​​ជា​តារា​សម្តែង​​​ និងជា​អ្នក​​​ជំនួញ​​មួយរូប លោកដារ៉ូ ​យក​ប្រជា​ប្រិយភាព​​​របស់ខ្លួន​ដើម្បី​លើក​ទឹកចិត្ត​​​​ប្រជា​ពលរដ្ឋ​​កម្ពុជា​​ក្នុងការ​​​ធ្វើការ​ផ្លាស់ប្តូរ​​ជា​វិជ្ជ​មាន​​សម្រាប់​​ភពផែនដី ។ សម្រាប់ទិវា Earth Hour ឆ្នាំ​​នេះ លោក​ដារ៉ូ ​បានចូលរួម​ធ្វើ​យុទ្ធនាការ​​ជា​មួយ​ក្រុមការងារ​​នៃអង្គការ WWF ដើម្បី​​នាំ​ឱ្យ​មានការ​ចូលរួមពីប្រជាពលរដ្ឋ​​​នៅទូទាំង​​ព្រះ​រាជាណាចក្រ​​កម្ពុជាក្នុងទិវា Earth Hour ថ្ងៃទី​២៦ មីនា ​ជាមួយនឹង​បុព្វ​ហេតុ​​តែមួយ​​រួមគ្នា ​គឺ​ការ​ការ​ពារ​​​ភពផែនដី​​របស់យើង ។​
​លោកទេព រិនដារ៉ូ ​​បាននិយាយ​​ថា ​«យើង​​​ម្នាក់​ៗ​​មានការ​ទទួលខុសត្រូវ​​រួមចំណែក​​​​ធានា និរ​ន្តរ​​ភាព​នៃ​ភព​ផែនដី ហើ​យយើង​​ម្នាក់​ៗ​​​សុទ្ធ​​​តែ​អាចធ្វើ​​សកម្មភាព​ដើម្បី​​​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ»។ ​លោកបាន​បន្ត​ថា ​«ខ្ញុំ​ពេញចិត្ត​​ក្នុងការ​​​ក្លាយ​ខ្លួន​​ជា​ឯកអគ្គ​រាជ​ទូត​កម្ពុជា​​សម្រាប់​​​យុទ្ធ​នា​ការ Earth Hour ឆ្នាំនេះ ​ហើយខ្លួន​​​ខ្ញុំ​ផ្ទាល់​​​​នឹង​ចូលរួម​បិទភ្លើង​សម្រាប់​​ Earth Hour ថ្ងៃទី​​២៦ ​មីនា ​ឆ្នាំ​២០១១ ​ព្រមទាំង​​បន្តប្រកាន់​ខ្ជាប់​ក្នុង​​ការ​រស់នៅ​​ប្រចាំ​ថ្ងៃនូវទង្វើ​​​ដែល​​​ជួយការ​ពារ​បរិ​ស្ថាន» ។​
Earth Hour ជា​យុទ្ធនាការ​​​ធំជាង​គេ​បង្អស់​​នៅ​លើ​សាកល​​លោក​ដែលស្តែង​​​​ឱ្យឃើញ​​នូវ​សកម្មភាព​​​ដែល​ប្រជា​ជាតិនៃ​​​ពិភពលោក​ធ្វើ​ឡើង​​ចំពោះ​ការ​​ប្រែប្រួល​​អាកាសធាតុ ។ ក្នុង​នាម​​​ជា​​ប្រជា​ពលរដ្ឋ​​​សាមញ្ញ ​ក្រុមហ៊ុន​​​ឯក​ជន សហគមន៍​​ សមាគម ​សង្គម​ស៊ីវិល ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ អ្នក​​អាច​​ធ្វើ​សកម្ម​ភាព​ដើម្បី​​ការ​ពារ​​ភពផែនដី​​បាន ។​
លោកសេង​ ទៀក ​​នាយកអង្គការ WWF នៅ​កម្ពុជា​​បាន​​មានប្រសាសន៍​​ថា ​«មនុស្សគ្រប់​​រូប​មាន​លទ្ធ ភាព​​ធ្វើ​ឱ្យ​​មានការ​ផ្លាស់​ប្តូរ​​​នៅ​ក្នុង​​​ជីវិតរស់នៅ​ប្រចាំ​ថ្ងៃ​​របស់ពួកគេ» ។ ​លោកបាន​បន្ត​ថា ​«​ការ​​ចូលរួមរបស់​លោក​ទេព រិនដារ៉ូ ​ក្នុងការ​បិទភ្លើង​​សម្រាប់ទិវា Earth Hour ព្រម​ទាំង​ក្នុង​​ការបន្តធ្វើ​​សកម្មភាព​លើស​ពី​ការ​បិទ​ភ្លើង​​នេះ គឺ​​ជាទង្វើ​​​ និងគំរូដ៏​ប្រសើរ​មួយ ដើម្បី​បង្ហាញ​​ថា យើង​ទាំងអស់គ្នា​​អាច​ធ្វើ​ឱ្យ​​មាន​ការ​ផ្លាស់ប្តូរជា​វិជ្ជ​មាន​​សម្រាប់​ភព​ផែនដី​យើង»។​
Earth Hour ជា​យុទ្ធនាការ​​លើ​កកម្ពស់​​ការ​យល់ដឹង​​​ផ្នែក​បរិស្ថាន​​ធំជាង​គេ​បំផុតលើ​សាកល​លោក ។ ក្នុងឆ្នាំ​​២០១០ ​មានមនុស្ស​​រាប់រយ​លាន​នាក់​ក្នុង​​​១២៨​ប្រទេស​ជុំវិញ​ពិភពលោក ​បាន​ចូលរួម ។ ឆ្នាំនេះ​ទិវា Earth Hour សូម​ស្វាគមន៍​​ប្រជាជន​​ពិភពលោកក្នុង​ការធ្វើ​​សកម្ម​ភាព​មិន​ថា​តូច​ ឬ​ធំ​​ ប៉ុន្តែ​រួម​ចំណែក​​ធានា​និរន្តរ​ភាព​​នៃ​​ភពផែនដី​​សម្រាប់ថ្ងៃអនាគត ហើយ​ចូល​រួម​បិទភ្លើង​​​​រយៈ​ពេល​​​១ម៉ោង​​នៅថ្ងៃ​សៅរ៍ ទី​​២៦ មីនា វេលាម៉ោង​​​៨​និង​​​៣០នាទីយប់ ។
ស្របពេលជាមួយ​​នឹង​ទិវា Earth Hour ជិត​ចូល​មក​ដល់​ ក្រុមហ៊ុនឯកជន​​ប្រមាណជាង​​៦០​កន្លែង​​​នៅក្នុង​​​រាជធានីភ្នំពេញ ​​នឹង​ចូលរួម​​បិទ​ភ្លើង​​​រយៈ​ពេល​​១ម៉ោង ។ ​ការបិទ​​ភ្លើងរយៈ​ពេល​​១​ម៉ោង​​នេះនឹង​​​បង្ហាញ​ឱ្យ​​​​ពិភព​លោក​​ឃើញ​នូវ​សកម្មភាព​ជា​និមិត្ត​​​រូប​មួយ​​ដែលពួកគេធ្វើ​​ឡើង​​​​ដើម្បី​​​ថែរក្សា​​បរិស្ថាន​​​ភពផែនដី ។​ ដើម្បីចូលរួម​​ជា​មួយ​ប្រជាជន​​ពិភព​លោក​ក្នុង​​ការការពារ​​ភពផែនដី ​ប្រជា​ពលរដ្ឋ​​កម្ពុជា​នៅ​ទូទាំង​​​ប្រទេស​​​​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជ​ធានីភ្នំពេញ ​ម្ចាស់​គេ​​ហដ្ឋាន​ សមាគម ​ក្រុមហ៊ុន​ឯកជន ​សង្គម​ស៊ីវិល ​ព្រមទាំង​​បណ្តា​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ក៏ដូចជា​​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិ​បាល ​ត្រូវ​បាន​​លើកទឹកចិត្ត​​​​ឱ្យ​ចូលរួម ធ្វើ​​សកម្ម​ភាព​ដើម្បីដោះស្រាយ​​​​ការប្រែ​ប្រួល​​​អាកាស​ធាតុ ​តាមរយៈ​​​ការបិទភ្លើង​រយៈ​ពេល​​១ម៉ោង ​នៅ​ថ្ងៃ​សៅ​រ៍ ទី​​២៦ មីនា ​វេលាម៉ោង​​៨​និង​​៣០នាទី​​យប់ ។​
សកម្មភាព​ដែល​អ្នក​អាច​​ធ្វើ​​​​​បានជា​ប្រយោជន៍​​​សម្រាប់​ភពផែនដី​​ចាប់ផ្តើម​​​​ជាមួយ ៖ ១-​ចូល​រួមទិវា Earth Hour ដោយបិទភ្លើង​​រយៈ​​ពេល​១ម៉ោង ​នៅថ្ងៃ​ទី​២៦ មីនា វេលា​ម៉ោង​​​៨​និង​​៣០នាទី​យប់ ​ហើយ​ជួយផ្សព្វផ្សាយ​​​បន្ត​អំពី​ Earth Hour ដល់​ក្រុមគ្រួសារ​​ មិត្តភក្តិ ​និង​​មិត្ត​រួមការងារ​ ២-​បន្តធ្វើ​សកម្ម​ភាព​ជា​វិជ្ជ​មាន​​ក្នុង​​​ជីវិត​រស់នៅ​​ប្រចាំ​​ថ្ងៃ ដើម្បី​​​និរន្តរ​ភាពភព​ផែនដី។ ក្រុម​ហ៊ុន​ឯកជនប្រមាណ​​ជាង​​៦០កន្លែង នៅ​ក្នុង​​​រាជធានីភ្នំពេញនឹង​បិទភ្លើង​​រយៈ​ពេល​​១ម៉ោង​​នៅថ្ងៃសោរ៍ ទី​២៦ មីនា ឆ្នាំ​២០១១ ​​វេលាម៉ោង​​​៨​និង​​​៣០នាទី​​​យប់ ។ ខាង​ក្រោមនេះ​ជា​ឈ្មោះ​​​​ក្រុមហ៊ុន​​មួយ​ចំនួន​​ដែល​​​នឹង​ចូលរួម​ប្រារព្ធ​​ទិវា Earth Hour ២០១១ ៖
១-​សណ្ឋាគារ Amanjaya Pancam ២-​ភោជនីយដ្ឋាន K-West ៣-ភោជនីយដ្ឋាន Le Moon Terrace ៤-សណ្ឋាគារ កាំបូឌីយ៉ាណា ៥-​សណ្ឋាគារ Imperial ៦-ផ្សារ​ទំនើប​​សូរិយា ៧-​សណ្ឋាគារ Sunway ៨-សណ្ឋាគារ Himawari ៩-​ផ្សារ​ទំនើប​ សុវណ្ណា ​១០-សណ្ឋា​គារ Intercontinental ១១-The Pizza Company ១២-​ភោជនីយដ្ឋាន​ La Croisette ១៣-​ក្លឹប​កម្សាន្ត Riverhouse ១៤-ភោជនីយ​ដ្ឋាន Riverhouse ១៥-ភោជនីយដ្ឋាន Taboo ១៦-​ភោជនីយដ្ឋាន ខ្មែរ​បុរាណ ​១៧-​ហាង​កាហ្វេ Pop ១៨-​ភោជនីយដ្ឋាន Vieyo Tonle ១៩-ហាងកាហ្វេ និង​នំ Camory ២០-ភោជនីយ​ដ្ឋាន​ខ្មែរ​សារ៉ា​វ៉ាន់ ២១-​ភោជនីយដ្ឋាន​ Happy Herb Pizza ២២-​​ភោជនីយដ្ឋាន​ Elmundo ២៣-ភោជនីយដ្ឋាន​ Chill ២៤-​ផ្ទះសំណាក់ Riverview ២៥-​ភោជនីយដ្ឋាន King’s Court ២៦-​ភោជនីយដ្ឋាន​ Phnom Penh Indian ២៧-ភោជនីយដ្ឋាន P & K ២៨-ហាង V-Silk ២៩-ភោជនីយដ្ឋាន​​ បុប្ផា​ភ្នំពេញ ​៣០-​ផ្ទះ​សំណាក់​ និង​​ភោជនីយដ្ឋាន​​ស៊ីញ ហ៊្វូ ​៣១-ហាង Tutti Fruit Frozen Yogurt ៣២-សណ្ឋាគារ Raffles Hotel Le Royal (Phnom Penh) ៣៣-សណ្ឋាគារ Raffles Grand Hotel D’Angkor (Siem Reap) ៣៤-សណ្ឋាគារ Bougainvillier ៣៥-សណ្ឋាគារ The Quay ៣៦-ភោជនីយដ្ឋាន Chow ៣៧-​ក្លឹប FCC ៣៨-​ហាង​កាហ្វេ Fresco ៣៩-ហាង​កាហ្វេ Kandal House ​​៤០-ហាង​កាហ្វេ Metro ៤១-​ហាងកាហ្វេ និង​នំ Le Quay ៤២-​ភោជនីយ​ដ្ឋាន Anjali ៤៣-សណ្ឋាគារ Riverstar ៤៤-​ភោជ​នីយដ្ឋាន Karma ៤៥-ភោជនីយដ្ឋាន Garden Bar ៤៦-ភោជនីយដ្ឋាន River Street ៤៧-ភោជនីយដ្ឋាន Cantina ៤៨-ភោជនីយ​ដ្ឋាន Pink Elephant Pub ៤៩-ភោជនីយដ្ឋាន Mekong River ៥០-សណ្ឋាគារ​ Cozyna Phnom Penh ៥១-មីនីម៉ាត Only You ៥២-ហាង​លក់​ស៊ីឌី 9 Movie World ៥៣-​មីនីម៉ាត Reak Ray Beverage ៥៤-​ហាង​កាហ្វេ និង​កន្លែង​ពិព័រណ៍ Java ៥៥-សណ្ឋាគារ​ Cirea 51 ។
គេ​ប្រារព្ធ​​​ទិវា Earth Hour ដំបូងបង្អស់​ក្នុង​ឆ្នាំ​​​២០០៧ ​នៅទីក្រុង​​ស៊ីដនី ប្រទេស​អូស្ត្រាលី ​​ដែល​នៅ​​ពេលនោះ​​មាន​មនុស្ស​​ចំនួន​​​២,២​លាន​នាក់ និង​​ក្រុមហ៊ុន​​​ឯកជន​ចំនួន​២ពាន់​​ បានបិទ​ភ្លើង​​រយៈ​​​​ពេល​​១ម៉ោង​។ ក្នុងឆ្នាំ​​២០១០ ​មាន​មនុស្ស​​​​រាប់​រយ​លាននាក់​នៅក្នុង​​១២៨​ប្រទេស​ជុំវិញពិភពលោក​​​បាន​​​ចូល​រួម​​ប្រារព្ធ​ទិវា​​ Earth Hour ។ នា Earth Hour ឆ្នាំ​២០១១ ​នឹង​មាន​មនុស្ស​​​រាប់រយ​លានក្នុង​​បណ្តា​ទីក្រុង និង​​រាជ​ធានី​​​​ពី​គ្រប់​​​ទ្វីបទាំង​អស់​ចូលរួមប្រារព្ធ​ការបិទ​ភ្លើង​រយៈ​ពេល​​១ម៉ោង ដើម្បី​អបអរ​ស​កម្មភាព​វិជ្ជ​មាន​ដែល​​ពួកគេ​​ធ្វើឡើង​ជា​ប្រយោជ​ន៍​ភព​ផែនដី​៕

source: http://www.camnews.org