Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts
Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts

កម្ពុជានឹងមានខ្សែរថភ្លើងអគ្គិសនីនៅរាជធានី ភ្នំពេញនាពេលខាងមុខ



Saturday, 02 April 2011 20:18


ដើម្បីកាត់បន្ថយនូវការកក់ស្ទះក្នុងការធ្វើ ដំណើរនាពេលខាងមុខនេះកម្ពុជានឹងមានខ្សែ រថភ្លើងអគ្គិសនីនៅរាជធានីភ្នំពេញ ។នេះគឺជា គម្រោង ថ្មីដែលបានធ្វើឡើង ក្នុងពិធី ចុះហត្ថលេខាដែល បានធ្វើ ឡើង រវាងលោក រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ជាមួយ លោក ជីអេរី ម៉ារីយ៉ានី រដ្ឋលេខាធិការ ទទួលបន្ទុកដឹកជញ្ជូនបារាំង និងលោក កែប ជុតិមាអភិបាលរាជធានីភ្នំពេញ លើគម្រោងខ្សែរថភ្លើងអគ្គិសនីនៅរាជធានីភ្នំពេញ។
លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យក្រសួង បានប្រាប់អ្នកកាសែតថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង សិក្សាខ្សែរទេះ ភ្លើងអគ្គិសនី (Tramway) នៅ រាជធានីភ្នំពេញជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវគោលបំណងរួមគ្នារបស់យើង ក្នុងការផ្តួចផ្តើម និង ពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀតបង្កើនកិច្ចសហប្រតិបត្តិការនៃ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសយើងទាំងពីរ៕

Source: http://www.vayofm.com/index.php?option=com_content&view=article&id=1335:2011-04-02-13-28-56&catid=36:local-economics&Itemid=37

រោង​ចក្រ​ដំឡើង​រថយន្ត​របស់​ហ៊ីយ៉ាន់ដាយ​នឹង​បើក​ឆាប់​ៗ

កោះកុងៈ រោង​ចក្រ​ដំឡើង​រថយន្ត​លើក​ដំបូង​របស់ហ៊ី​យ៉ាន់​ដាយ ​នៅ​កម្ពុជា​សិ្ថត​ក្នុង​​ខេត្ត​កោះ​កុង នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ខណៈ​ដែល​​រោង​ចក្រ​នេះ​ដំឡើង​រថយន្ត​បាន​១០០​គ្រឿង​ក្នុង​មួយ​ខែ​រួច​ស្រេច​ ទៅ ហើយ​។
រោង​ចក្រ​នេះ ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​កាំ​កូ ម៉ូទ័រ ជា​ក្រុម​ហ៊ុន​វិនិយោគ​រួម​រវាង​​ហ៊ី​យ៉ាន់​ដាយ KH ម៉ូទ័រ និង​ក្រុម​ហ៊ុន​ លី យ៉ុង​ផាត់​គ្រុប ​នៅ​កម្ពុជា។
លោក​ Jo Young Dae នាយក​ប្រតិបត្តិ​របស់​ កាំ​កូ​ ម៉ូទ័រ បាន​ឲ្យ​ដឹង ​កាល​ពី​ម្សិល​​មិញ​ថា៖ «យើង​បាន​ចាប់​ផ្តើម​ដំឡើង​​រថ​យន្ត​បាន​រវាង ៥០​ ទៅ ១០០​គ្រឿង​ក្នុង​មួយ​ខែរួច​ទៅ​ហើយ​ ហើយ​យើង​កំពុង​លក់​រថយន្ត​ទាំង​នោះ នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា»។
ទោះ​បី​ជា​ក្រុម​ហ៊ុន​នេះ បាន​ចាប់​ផ្តើម​ដំឡើង​រថយន្ត​នៅ​ដើម​ឆ្នាំ​ក្តី តែ​ក្រុម​ហ៊ុន​កំពុង​​រង់​ចាំ​ការ​សម្រេច​ចិត្ត​ពី​​ពាណិជ្ជករ​ លី ​យ៉ុង​ផាត់ សម្រាប់​កាល​បរិច្ឆេទ​បើក​សម្ពោធ​ជា​ផ្លូវ​ការ ដោយ​មាន​ការ​អញ្ចើញ​មន្ត្រី​ជាន់​ខ្ពស់​ចូល​រួម​ផង​ដែរ។ លោក Jo Young Dae ថ្លែង​ថា៖ «រោង​ចក្រ​នេះ នឹង​ចាប់​ផ្តើម​បើក​ឆាប់​ៗ​នេះ​»​។
រោង​ចក្រ​នេះ មាន​ទី​តាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះ​កុង ហើយ​តម្លៃ​នៃ​ការ​សាង​សង់​ត្រូវ​បាន​គេ​រំពឹង​ថា​ មាន​ចំនួន​​សរុប​៦២​លាន​ដុល្លារ ដែល​គេ​គ្រោង​នឹង​ចាប់​ផ្តើម​ជាបី​ដំណាក់​កាល​។
លោក ​ស៊ុន ដារ៉ា អភិបាល​រងខេត្ត​កោះ​កុង បាន​ឲ្យ​ដឹង​ កាល​ពី​ម្សិល​មិញ​ថា រោង​ចក្រ​នេះ នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ខេត្ត​នេះ។ លោក​ថ្លែង​​ថា៖ «វា​ជា​ការ​ល្អ ដែល​មាន​រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ទី​នេះ​។ វា​អាច​បង្កើត​ការ​ងារ​កាន់​តែ​ច្រើន​ដល់​ប្រជាជន​ក្នុង​ខេត្ត​នេះ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ»។
ហ៊ី​យ៉ាន់​ដាយ នឹង​ចូល​រួម​ជា​មួយ​​ក្រុម​ហ៊ុន​ផ្សេង​ទៀត ដែល​កំពុង​ដំ​ឡើង​រថយន្ត​នៅ​ខេត្ត​ព្រះ​សីហនុ។
ក្រុម​ហ៊ុន RMA បាន​នឹង​កំពុង​ដំឡើង​រថ​យន្ត​សង្គ្រោះ​របស់​យោធា ប៉ុន្មាន​ឆ្នាំ​មក​ហើយ នៅ​ខេត្ត​ព្រះ​សីហនុ ហើយ​​កំពុង​ពិចារណា​អំពី​ការ​ដំឡើង​រថយន្ត​បន្ថែម​​ទៀត​នៅ​កម្ពុជា​ទៀត។ នេះ​បើ​តាម​លោក Rami Sharaf នាយក​ប្រចាំ​ប្រទេស​របស់​ RMA។
លោក​បាន​ឲ្យ​ដឹង​ថា ការ​ដំឡើង​រថយន្ត​ក្នុង​ស្រុក​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​អតិថិ​ជន ដោយ​ទទួល​បាន​តម្លៃ​ថោក។
ក្រុម​ហ៊ុន RMA បាន​នាំ​ចូល​រថយន្ត Ford មក​កម្ពុជា និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​ដូច​ជា គ្រឿង​ចក្រ ហើយ​ក្រុម​ហ៊ុន​​ក៏​​ដំណើរ​ការ​បើក​​ហាង​លក់​ម្ហូប​អាហារ និង​ភេសជ្ជៈ ដូច​ជា Pizza Company និង Swensen ដែរ៕

Source: http://postkhmer.com/index.php?option=com_content&view=article&id=55788:2011-04-06-06-41-14&catid=2:business-news&Itemid=77

ធនាគារ​ពិភព​លោក​ថា សេដ្ឋ​កិច្ច​កម្ពុជា​បោះ​ជំហ៊ាន​យឺត​បើ​ធៀប​ទៅ​នឹង​សេដ្ឋ​កិច្ច​របស់​ប្រទេស​ក្នុង​តំបន់


របាយ​ការណ៏​ថ្មី​បង្អស់​របស់​ធនាគារ​ពិភព​លោក ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ជា​សា​ធារណៈ​កាល​ពីថ្ងៃ​ចន្ទ​ម្សិល​ មិញ បាន​មើល​ឃើញ​ថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាបានវិវឌ្ឍន៌ទៅដោយ​យឺតៗបំផុត បើធៀបទៅនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់ ក្នុងឆ្នាំ២០១០នេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ របាយការណ៏ស្តីពីកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏របស់ធនា​ គារពិភពលោកនេះ ក៏បានបង្ហាញឲ្យដឹងផងដែរថា នៅក្នុងប្រទេសកម្ពុជាឧស្សាហកម្មតម្លៃបន្ថែមបាន​ ឡើងជិត៣ដងក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ បើទោះជាចាប់ពីមូលដ្ឋានកម្រិតទាបមួយក៏​ដោយ ហើយចំនួនកម្មករក៏កើនឡើងដូច្នេះដែរ។ ដែលធ្វើឲ្យធនាគារខ្នាតធំរបស់សហរដ្ឋអាមេរិកមួយ​នេះព្យាករណ៏ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងកើនឡើងដល់៦ភាគរយក្នុងឆ្នាំ២០១១ ខណៈដែលប្រទេស​កំពុងអភិវឌ្ឍន៏នានានៅអាស៊ីបូព៌ា វាលែងតែប្រទេសចិន និងមានកំណើនជាមធ្យមត្រឹមតែ៥,២ភាគរយ​ប៉ុណ្ណោះ។
ប៉ុន្តែការចាប់ផ្តើមបោះជំហ៊ានទៅមុខរបស់ប្រទេសកម្ពុជា បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកលដើម្បីឲ្យឈាន​ដល់៦ភាគរយនោះ ធនាគារពិភពលោកក៏បានក្រើនរំលឹកផងដែរថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពខ្លួន​ ឯងជាមុនសិនក្នុងការធ្វើសមាហរណកម្មឧស្សាហកម្មរបស់ខ្លួនទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ត្រូវបានពឹងផ្អែកមួយផ្នែកធំទៅ​លើវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដែលជាញយដងប្រឈមនឹងភាពរអាក់រអួលដោយសារការតវ៉ា​របស់កម្មករ និងមួយផ្នែកទៀតពឹងផ្អែកលើការនាំចេញផលិតផលកសិកម្ម។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានមើលឃើញថា ប្រទេសកម្ពុជាមិនទាន់មាន​ សមត្ថភាពកែច្នៃគ្រប់គ្រាន់សម្រាប់ផលដំណាំភាគច្រើននៅក្នុងប្រទេសនៅឡើយទេ, ចំណែកឯសោ​ហ៊ុយដែលចំណាយលើការដឹកជញ្ជូនឆ្លងប្រទេស ក៏មានតម្លៃខ្ពស់ផងដែរ។ ដូច្នេះកម្ពុជាត្រូវតែធ្វើយ៉ាង​ណាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនជាមុនសិន ដោយក្នុងនោះរួមមានទាំងធនធានមនុស្សផង ក្នុង​គោលដៅធ្វើយ៉ាងណាដើម្បីឲ្យសែសង្វាក់ផលិតកម្មរបស់ខ្លួនមានគុណភាព និងបរិមាណសមស្រប​សម្រាប់ធ្វើការនាំចេញ៕

Source: http://www.kmsdaily.com

កំណើន​នៃ​ការ​នាំ​ចេញ​ពោត​រយៈ​ពេល​​២​ខែ​ដំបូង​បាន​ហក់​ឡើង​ជិត​៤០​ភាគ​រយ


ភ្នំពេញៈ ការ​នាំ​ចេញ​ពោត​របស់​កម្ពុជា​រយៈ​ពេល​ពីរ​ខែ​ដំបូង​នៅ​ឆ្នាំ​២០១១​ ​កើន​ឡើង​៣៨​​ភាគ​រយ​ បើ​ប្រៀប​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​តែ​បរិមាណ​ផល​ពោត​មាន​ការ​កើន​ឡើង​។​ នេះ​បើ​តាម​ស្ថិ​តិ​ពី​អគ្គ​នា​យក​ដ្ឋាន​កាំ​កុង​ត្រូល​កាល​ពី​ម្សិល​មិញ​ ។
យោង​តាម​ស្ថិតិ​ខាង​លើ​​ ការ​នាំ​​ពោត​ចេញ​រយៈ​ពេល​ពីរ​ខែ​នៅ​ឆ្នាំ ​នេះ​មាន​ចំ​នួន​ ៦៦៩៤​តោន​ កើន​ឡើង​ ៣៨​ភាគ​រយ​បើ​ប្រៀប​ធៀប​​ទៅ​នឹង ​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន​ដែល​មាន​ត្រឹម​តែ​​៤៨៤​១​តោន​ប៉ុណ្ណោះ​។ ស្ថិតិ​ដដែល​​បង្ហាញ​ទៀត​ថា​ ការ​​នាំ​ចេញ​ពោត​​នៅ​រយៈ​ពេល​ពីរ​​ខែ​ក្នុង​ឆ្នាំ​នេះ​មាន​តម្លៃ​ជាង​ ២៨​ម៉ឺន​ដុល្លារ​ លើស​រយៈ​​ពេល​ដូច​គ្នា​​ពី​២០១០​ប្រមាណ ៦​ម៉ឺន​ដុល្លារ​។
លោក​ ឃួន​ សាវុធ​ ប្រធាន​ការិយាល័យ​ស្ថិតិ​នៃ​អគ្គ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​​មាន ​ប្រ​សាសន៍​ថា​ ការ​នាំ​ចេញ​មាន​ការ​កើន​ឡើង​​នេះ​ ដោយ​សារ​តែ​ពោត​ឆ្នាំ​នេះ​​ទទួល​បាន ​ផល​ល្អ​ និង​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​។ លោក​បញ្ជាក់​ថា​៖ ​«​ការ​កើន​ឡើង​នូវ​ទិន្ន​ផល​ពោត​ ហើយ​ព្រម​ទាំង​វា​មាន​តម្លៃ​ខ្ពស់​ទៀត​នោះ​ និង​អាច​ជួយ​ឲ្យ​ពួក​​គាត់​[កសិករ​]មាន​ជីវ​ភាព​ ធូ​រធារ​ថែម​មួយ​កម្រិត​ទៀត​»​។
ពោត​ភាគ​ច្រើន​ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​ និង​​កោះ​តៃ​វ៉ាន់​។
លោក​ ជា​ គារ​ ប្រ​ធាន​ក្រុម​ហ៊ុន​ PBCK​ អភិវឌ្ឍន៍​​ជា​ក្រុម​ហ៊ុន​នាំ​កសិ​ផល​ទៅ ​លក់​នៅ​ប្រ​ទេស​​ថៃ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​លោក​​ទើប​តែ​បើក​ដំ​ណើរ​ការ​ទិញ​​​ពោត​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ ខេត្ត​ប៉ៃ​​លិន​នៅ​ឆ្នាំ​នេះ ​ដោយ​ប្រ​មូល​ទិញ​ បាន​ជិត​​មួយ​ម៉ឺន​តោន​​។​ លោក​មិន​បាន​បង្ហាញ​ពី​ចំនួន​ ​នៃ​ការ​នាំ​ចេញ​នៅ​រយៈ​ពេល​ពីរ​ខែ​ដំ​បូង​ក្នុង​ឆ្នាំ​នេះ​ទេ​ តែ​លោក​បាន​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ ក្រុម​​ហ៊ុន​នាំ​ចេញ​បាន​ប្រ​មាណ​ ៦​ពាន់​តោន​ហើយ​ ហើយ​មាន​គម្រោង​នាំ​ចេញ​៣​ពាន់​តោន​ទៀត​​។​ លោក​អះ​អាង​ថា​៖​ «​ផល​ពោត​​នៅ​ឆ្នាំ​នេះ​គឺ​មាន​កំ​ណើន​ច្រើន​​ជាង​ឆ្នាំ​មុន​ ហើយ​តម្លៃ​ក៏​ខ្ពស់​ផង​ដែរ»។
តាម​លោក ជា គារ តម្លៃ​ពោត​ស្ងួត​ពេល​នេះ​កើន​ឡើង​ជាង​​៣៣​​ភាគ​រយ គឺ​​ជាង​៨០០​រៀល​ក្នុង​​មួយ​គីឡូ​ក្រាម ធៀប​នឹង​ឆ្នាំ​ទៅ ដែល​មាន​តម្លៃ​តែ​ជាង​៦០០​រៀល​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា​ក្រុម​​ហ៊ុន​លោក​នឹង​​ប្រ​មូល​ទិញ​ពោត​​​៥​ម៉ឺន​តោន​នៅ​ ឆ្នាំ​នេះ​។
អ្នកស្រី​ ឈន់​ សារិម​ កសិករ​​ដាំ​ពោត​នៅ​ខេត្ត​ប៉ៃ​លិន លើក​ឡើង​ថា​កាល​ពី​​២០១០​ កសិករ​នៅ​ខេត្ត​ប៉ៃ​លិន​នាំ​គ្នា​សម្រុក​ដាំ​ពោត​​ច្រើន​ទើប​ធ្វើ​ឲ្យ​កំណើន ​ទិន្ន​ផល​ពោត​កើន​មក​ដល់​ឆ្នាំ​នេះ​។
នៅ​ឆ្នាំ​នេះ​កសិករ​ភាគ​ច្រើន​បាន​ងាក​មក​ដាំ​ដំឡូង​មី​ជំនួស​ដំណាំ​ ផ្សេង​ ទៀត ខណៈ​កម្ពុជា​បាន​រក​ទី​ផ្សារ​ថ្មី​សម្រាប់​ដំណាំ​នេះ​ ពោល​គឺ​ទីផ្សារ​នៅ​ចិន។​ តែ​ ឈន់​ សារិម​ បញ្ជាក់​គាត់​នៅ​តែ​បន្ត​​ដំា​ពោត​ដដែល៖ ​«​នៅ​ឆ្នាំ​នេះ​​ខ្ញុំ​ដាំ​ពោត​ច្រើន​ជាង​ដាំ​ដំ​ឡូង​ ព្រោះ​វា​មាន​តម្លៃ​ខ្ពស់​ជាង​រាល់​ឆ្នាំ​។ ម៉្យាង​ទៀត​ដោយ​កសិករ​ភាគ​ច្រើន​នាំ​គ្នា​សម្រុក​ដាំ​​ដំ​ឡូង​ច្រើន​ ដូច្នេះ​ពោត ​នឹង​អាច​មាន​តម្លៃ​កាន់​តែ​ខ្ពស់​​»​។
កាល​ពី​ឆ្នាំ​២០១០ ការ​នាំ​ចេញ​​ពោត​សរុប​មាន​ចំនួន​​ ​៨៦ ​៥៣៣,​៦៦ ​តោន​ ​មាន​តម្លៃ​ជាង​៤​លាន​៥​សែន​ដុល្លារ​៕

Source: http://postkhmer.com/index.php?option=com_content&view=article&id=55695:2011-04-05-04-52-30&catid=2:business-news&Itemid=77

ប្រាក់​រៀល​ឡើង​ថ្លៃ បើ​ធៀប​នឹង​ដុល្លារ​អាមេរិក

ភ្នំពេញៈ ប្រាក់​រៀល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​​ធៀប​នឹង​ ប្រាក់​ដុល្លារ​អាមេរិក ដោយ​សារ​​តែ​តម្រូវ​ការ​ប្រាក់​រៀល កើន​ឡើង​នៅ​ក្រោយ​រដូវ​ប្រមូល​ផល​ និង​ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​អាមេរិក ធ្លាក់​​ចុះ​​ធៀប​​នឹង​រូបិយ​ប័ណ្​ណ​អន្តរជាតិ​ផ្សេង​​ៗ​ទៀត​។ នេះ​បើ​តាម​អ្នក​ជំនាញ​។
ស្ថិតិ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា​១​ដុល្លារ​អាមេរិក អាច​ប្តូរ​បាន ៣ ៩៩៧ ​​រៀល កាល​ពី​ម្សិល​មិញ​។ តម្លៃ​នេះ ទាប​ជាង​កាល​ពី​មួយ​សប្តាហ៍​មុន ​ដែល​មួយ​ដុល្លារ​ ប្តូរ​បាន​៤ ០៣៥​រៀល និង​ខ្ពស់​ជាង កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​២០១០ ដែល​មាន​អត្រា​ ៤ ២៥០​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក។
អ្នក​ស្រី សៀង លឹម ម្ចាស់​ហាង​ប្តូរ​ប្រាក់​​ហាង​ប្តូរ​ប្រាក់​លី ហួរ បាន​សង្កេត​ឃើញ​ថា រូបិយ​ប័ណ្ណ​ក្នុង​ស្រុក បាន​ឡើង​ថ្លៃ​យ៉ាង​ឆាប់​រហ័ស បើ​ធៀប​នឹង​ដុល្លារ​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​៖ «យើង​ខ្វះ​ខាត​ចរាចរ​ប្រាក់​រៀល នៅ​លើ​ទី​ផ្សារ។ នេះ​ដោយ​សារ​តម្រូវ​ការ​ប្រាក់​រៀល​​កើន​ឡើង​ក្រោយ​ពី​រដូវ​ប្រមូល​ផល​​រួច ​ធ្វើ​ឲ្យ​អាជីវករ​ត្រូវ​ការ​ប្រាក់​រៀល ដើម្បី​ទិញ​ស្រូវ​ឬ​ផលិត​ផល​កសិ​កម្ម​​ផ្សេង​​ៗ​ទៀត»។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Suzuki Hiroshi ​អគ្គ​នាយក​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​​ ដឹង​ថា រដូវ​ប្រមូល​ផល ជា​ហេតុ​ផល​ទី​ពីរ​​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​ឡើង​​ថ្លៃ​នៃ​ប្រាក់​​រៀល។
លោក Suzuki Hiroshi បាន​បន្ថែម​ទៀត​ថា ដុល្លារ​អាមេរិក​កំពុង​តែ​ចុះ​ថោក​ ធៀប​នឹង​រូបិយ​ប័ណ្ណ​​អន្តរជាតិ​ផ្សេង​ៗ​ទៀត ជា​ពិសេស​អឺរ៉ូ និង​យន់។ លោក​បាន​លើក​ឡើង​ថា៖ «ហេតុ​ផល​ទីពីរ​គឺ​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ ដូច្នេះ​នៅ​​ជន​បទត្រូវ​ការ​ប្រាក់​​រៀល​ជា​ខ្លាំង​»​។ លោក​បន្ត​​ថា ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​រៀល នឹង​​បង្កើត​អំណាច​ទិញ​នៅ​កម្ពុជា ដែល​អាច​ទូទាត់​ដល់​ការ​កើន​ឡើង​តម្លៃ​ប្រេង លើ​​ទី​ផ្សារ​អន្តរ​ជាតិ​។
លោក​ជា សុខ ប្រធាន​ធនាគារ​​អេស៊ីលី​ដា​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​កម្ពុជា​ត្រូវ​ការ​ប្រាក់​ដុល្លារ​សម្រាប់​នាំ​ចូល​ទំនិញ ដែល​ជា​ញឹក​ញាប់​ទំនិញ​ទាំង​នោះ លក់​ជា​ប្រាក់​រៀល​វិញ​។
លក្ខ​ខណ្ឌ​របស់​រដ្ឋាភិបាល ក្នុង​​ការ​បង់​​ពន្ធ​ជា​ប្រាក់​រៀល បាន​​រួម​ចំណែក​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​រៀល​​ឡើង​ថ្លៃ ដោយ​សារ​ប្រាក់​រៀល ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ។
លោក Suzuki Hiroshi ​ឲ្យ​ដឹង​ថា​ធនាគារ​កណ្តាល ​​តាំង​​ចិត្ត​រក្សា​តម្លៃ​​ប្រាក់​រៀល ឲ្យ​នៅ​មាន​ស្ថិរភាព ពោល​​គឺ​ស្ថិត​នៅ​ចន្លោះ​​៤០០០ និង​៤២០០​រៀល​​​។
លោក​បន្ត​ថា​ស្ថាន​ភាព​នា​ពេល​បច្ចុប្បន្ន​មិន​បាន​ចោទ​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ធនាគារ​ជាតិ​​គួរ​អន្ត​រាគមន៍ ប្រសិន​បើ​អត្រា​ប្តូរ​ប្រាក់​ឡើង​ចុះ​ខ្លាំង​ពេក​។
លោក​ ស៊ុម សន្និសីទ អគ្គ​លេខា​ធិការ​​ធនាគារ​ជាតិ​​ បាន​ឲ្យ​ដឹង​​ថា​ គោល​ដៅ​របស់​ធនាគារ​នេះ​​គឺ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ខ្លាំង ដោយ​លោក​បាន​បន្ថែម​ទៀត​ថា​៖ «យើង​មិន​ចង់​ឲ្យ​វា​ឡើង​ថ្លៃ ឬ​​ចុះ​ថ្លៃ​ខ្លាំង​ទេ»៕

Source: http://postkhmer.com/index.php?option=com_content&view=article&id=55693:2011-04-05-04-45-14&catid=2:business-news&Itemid=77