របាយការណ៏ថ្មីបង្អស់របស់ធនាគារពិភពលោក ដែលត្រូវបានគេផ្សព្វផ្សាយឲ្យដឹងជាសាធារណៈកាលពីថ្ងៃចន្ទម្សិល មិញ បានមើលឃើញថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាបានវិវឌ្ឍន៌ទៅដោយយឺតៗបំផុត បើធៀបទៅនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់ ក្នុងឆ្នាំ២០១០នេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ របាយការណ៏ស្តីពីកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏របស់ធនា គារពិភពលោកនេះ ក៏បានបង្ហាញឲ្យដឹងផងដែរថា នៅក្នុងប្រទេសកម្ពុជាឧស្សាហកម្មតម្លៃបន្ថែមបាន ឡើងជិត៣ដងក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ បើទោះជាចាប់ពីមូលដ្ឋានកម្រិតទាបមួយក៏ដោយ ហើយចំនួនកម្មករក៏កើនឡើងដូច្នេះដែរ។ ដែលធ្វើឲ្យធនាគារខ្នាតធំរបស់សហរដ្ឋអាមេរិកមួយនេះព្យាករណ៏ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងកើនឡើងដល់៦ភាគរយក្នុងឆ្នាំ២០១១ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៏នានានៅអាស៊ីបូព៌ា វាលែងតែប្រទេសចិន និងមានកំណើនជាមធ្យមត្រឹមតែ៥,២ភាគរយប៉ុណ្ណោះ។
ប៉ុន្តែការចាប់ផ្តើមបោះជំហ៊ានទៅមុខរបស់ប្រទេសកម្ពុជា បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកលដើម្បីឲ្យឈានដល់៦ភាគរយនោះ ធនាគារពិភពលោកក៏បានក្រើនរំលឹកផងដែរថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពខ្លួន ឯងជាមុនសិនក្នុងការធ្វើសមាហរណកម្មឧស្សាហកម្មរបស់ខ្លួនទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ត្រូវបានពឹងផ្អែកមួយផ្នែកធំទៅលើវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដែលជាញយដងប្រឈមនឹងភាពរអាក់រអួលដោយសារការតវ៉ារបស់កម្មករ និងមួយផ្នែកទៀតពឹងផ្អែកលើការនាំចេញផលិតផលកសិកម្ម។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានមើលឃើញថា ប្រទេសកម្ពុជាមិនទាន់មាន សមត្ថភាពកែច្នៃគ្រប់គ្រាន់សម្រាប់ផលដំណាំភាគច្រើននៅក្នុងប្រទេសនៅឡើយទេ, ចំណែកឯសោហ៊ុយដែលចំណាយលើការដឹកជញ្ជូនឆ្លងប្រទេស ក៏មានតម្លៃខ្ពស់ផងដែរ។ ដូច្នេះកម្ពុជាត្រូវតែធ្វើយ៉ាងណាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនជាមុនសិន ដោយក្នុងនោះរួមមានទាំងធនធានមនុស្សផង ក្នុងគោលដៅធ្វើយ៉ាងណាដើម្បីឲ្យសែសង្វាក់ផលិតកម្មរបស់ខ្លួនមានគុណភាព និងបរិមាណសមស្របសម្រាប់ធ្វើការនាំចេញ៕
Source: http://www.kmsdaily.com