ផ្លែប៉ោមមានសារជាតិសំខាន់ គឺមេតាឃែរ៉ូទីន វីតាមីន C និងកាកសរសៃប្រភេទេលាយទឹក ដែលមានឈ្មោះថា ’ភែកធីន” ។ ក្រៅពីនេះ វានៅមានជាតិអាស៊ីតពីរប្រភេទ គឺដែលជួយក្នុងការរំលាយអាហារប្រភេទប្រូតេអ៊ីនខ្លាញ់ ។ ក្រៅពីនេះសារជាតិភែកធីន នៅមានគុណសម្បត្តិ ជួយកាត់បន្ថយការចង់បរិភោគអាហារអាចបញ្ចុះទម្ងន់ និងកាត់បន្ថយកូឡេស្ដេរ៉ូល ។
ផ្លែប៉ោមត្រឹមតែមួយផ្លែ ជួយកាត់បន្ថយភាពស្រេកឃ្លានអាហារបាន ព្រោះផ្លែប៉ោមមានសារជាតិម្សៅ និងស្ករ ។ ក្នុងផ្លែប៉ោមមានម៉ូលេគុលស្ករដល់ទៅ ៧៥ ភាគរយ ធ្វើឲ្យរាងកាយអាចស្រូបទាញស្ករមួយប្រភេទនេះ បានយ៉ាងឆាប់រហ័ស ដោយអាចនាំយកទៅប្រើជាផលប្រយោជន៍បាន ក្នុងពេលវេលាមិនលើស ១០ នាទី ដូច្នេះភាពចង់បរិភោគអាហារ ទើបមានលក្ខណៈថយចុះ ។
បរិភោគផ្លែប៉ោម ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយកូឡេស្ដេរ៉ូល ក្នុងឈាមបានព្រោះផែ្លប៉ោមមានសារជាតិ ’ភែកធីន” ដែលជាកាកសរសៃរលាយក្នុងទឹក ។
តាមការស្រាវជ្រាវបញ្ជាក់ឲ្យដឹងថា នៅពេលអាស៊ីដដំណើរការនៅក្នុងប្រព័ន្ធរំលាយអាហារ ជាតិខ្លាញ់កូឡេស្ដេរ៉ូលបំបែកចេញមកអស់រួចរាល់ហើយ ’ភែកធីន” ពីផ្លែប៉ោម នឹងចូលទៅស្ទាក់ចាប់កូឡេស្ដេរ៉ូលទាំងនេះ ហើយនាំយកទៅបញ្ចេញចោល មុនពេលដែលត្រូវស្រូបត្រឡប់ ចូលមកក្នុងរាងកាយវិញ ។ ក្រៅពីនេះគេនៅបានរកឃើញទៀតថា ផ្លែប៉ោមជួយកាត់បន្ថយកូឡេស្ដេរ៉ូល ក្នុងខ្លួនស្ត្រីបានប្រសើរជាងបុរស ។
ផ្លែប៉ោម ជាប្រភេទផ្លែឈើសមរម្យជាមួយ នឹងអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកដែលត្រូវការបញ្ចុះជាតិស្ករក្នុងឈាម ព្រោះនៅពេលទទួលទានចូលទៅ ត្រូវបានរំលាយ និងស្រូបទាញឆ្លងកាត់ ភ្នាសក្រពះ ពោះវៀន នៅឆ្ពោះទៅកាន់ចរន្ដឈាម ។
ចំពោះកម្រិតស្ករក្នុងឈាម នឹងកើតឡើងយឺត ឬលឿនអាស្រ័យទៅលើប្រភេទអាហារទាំងនោះ ដូចជា ប្រសិនបើបរិភោគទឹកឃ្មុំ សារជាតិស្ករក្នុឈាម នឹងកើនឡើងយ៉ាងឆាប់រហ័សភ្លាមៗ ។ ប៉ុន្ដែសម្រាប់ផ្លែប៉ោម បើទោះបីមានសារស្ករធម្មជាតិ ក្នុងសាច់ផ្លែប៉ោមច្រើនមែន ប៉ុន្ដែសារជាតិស្ករក្នុងផ្លែប៉ោម ធ្វើឲ្យឈាមកើនឡើងយ៉ាងយឺតៗ ដែលមិនបង្កឲ្យប៉ះពាល់ដល់អ្នកជំងឺដែរ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=998:2011-02-21-02-09-34&catid=51:2010-12-10-02-41-42&Itemid=79