គូឆាយសម្បូរទៅដោយសារធាតុដែក ហ្វូស្វ័រ និងកាល់ស្យូម ។ ដូច្នេះហើយទើបគេនិយមយកវាទៅឆា ជាមួយថ្លើមជ្រូក ដើម្បីជួយផ្គត់ផ្គង់ជាតិដែកដល់រាងកាយ ។ គូឆាយជាមួយថ្លើមជ្រូក គឺជាអាហារមានប្រយោជន៍ និងសមស្របបំផុតសម្រាប់ស្ត្រីសរសៃខ្ចី ដែលទើបនឹងឆ្លងទន្លេរួច ។ ក្រៅពីនេះគូឆាយក៏មានវីតាមីនជាច្រើនទៀត ដូចជាវីតាមីន B និងវីតាមីន C ។ ជនជាតិចិនមានជំនឿថា គូឆាយជាឱសថប៉ូវសុខភាពដ៏ឆ្នើម សម្រាប់មនុស្សដែលមានសុខភាពទន់ខ្សោយ អ្នកជំងឺក្អករ៉ាំរ៉ៃ ក្អកបែបគ្មានកម្លាំងកំហែង និងអ្នកធ្លាប់ទទួលរងនូវជំងឺផ្ដាសាយ ដោយយកគូឆាយទៅស្ងោរជាមួយថ្លើមជ្រូកទទួលទាន ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=966:2011-02-14-02-50-33&catid=51:2010-12-10-02-41-42&Itemid=79