​ប្រវត្តិ​នៃ​ទីក្រុង​ភ្នំពេញ

​រាជធានី​ភ្នំពេញ​ជាទី​ក្រុង​សំខាន់​ជាងគេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន តែងតែ​ប្រាថ្នា​មក​ទស្សនា​ទីក្រុង​នេះ​យ៉ាងហោចណាស់ ឲ្យ​បាន​ម្តង​ក្នុង​មួយជីវិត​ដែរ ប៉ុន្តែ​ប្រវត្តិ​រឿង​ដែល​ទាក់ទង​និង​ព្រះរាជ​ធានី​នេះ និង​ការ​កសាងឡើង​នៅ​សម័យ​ណា ហើយ​នរណា​ជា​អ្នក​សាងសង់​នោះ មិនមាន​នរណា​បានដឹង​ពិតប្រាកដ​នៅឡើយ​ទេ ។ អ្នក​បុរាណវិទ្យា​និង​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​ល្បីល្បាញ បាន​ឲ្យ​ដឹង​នូវ​ប្រវត្តិ​រឿង នៃ​ការកកើត​ទីក្រុង​ដ៏​ចំណាស់​នេះ​ដូចតទៅ : 
​    ​សំអាង​ទៅលើ​ព្រះរាជ​ពង្សាវតា​ខ្មែរ ទីក្រុង​ភ្នំពេញ​យើង​សព្វថ្ងៃនេះ ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៥ នៃ​គ្រិស្តសករាជ ពោលគឺ មាន​ប្រវត្តិសាស្ត្រ​ផ្ទាល់​របស់ខ្លួន​ជិត ៥ សតវត្សរ៍ មកហើយ ។ រីឯ​អ្នក​សាងសង់ គឺ​ព្រះបាទ​ពញាយ៉ាត ។ ក៏ប៉ុន្តែ​ថ្វីត្បិតតែ​ត្រូវបាន​ស្ថាបនា​ឡើង នៅ​សតវត្សរ៍​ទី​១៥ នៃ​គ្រិស្តសករាជ​មែន ស្លាកស្នាម​នៃ​ការកាន់កាប់​តំបន់​ភ្នំពេញ ឬ​ជុំវិញ​ទីតាំង​សព្វថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​យ៉ាងហោចណាស់​ក៏ ១០០០​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​ដែរ ដោយ​បុព្វបុរស​ខ្មែរ​យើង នៅ​ជំនាន់​នោះ​ស្ថិតក្នុង​យុគ​លោហធាតុ ។ ការរកឃើញ​នូវ​ឧបករណ៍ប្រើប្រាស់​ដូចជា ពូថៅ​ធ្វើ​អំពី​ថ្ម​រំលីង (​ចុង​យុគ​សំរឹទ្ធិ​) ចង្ក្រង់​ដំរី​និង​កងដៃ​កងជើង​សំរឹទ្ធិ នៅ​ខេត្តកណ្តាល​ជា​សក្ខីភាព​ស្រាប់ ។​

រូបគំនូរពណ៌វត្តភ្នំមុនឆ្នាំ១៩៦០ ព្រះចេត្យី និង ជណ្តើរស្ពាននាគឡើងវត្តភ្នំ


​    ​គួរ​រំលឹក​ឡើងវិញ​ថា នា​សម័យ​ប្រវត្តិសាស្ត្រ តំបន់​រាជធានី​ភ្នំពេញ​នេះ ក៏មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌ នយោបាយ​និង​សេដ្ឋកិច្ច​ជាមួយ​បរទេស​ដែរ ក៏ប៉ុន្តែ ក៏​ប្រហែលជា​ពុំមែន​ត្រង់ៗ​តែម្តង​ទេ ដូច​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ឬ​ខ្មែរ​រស់នៅ​តាម​ឆ្នេរ នៃ​ឈូង​សមុទ្រ​សៀម​សព្វថ្ងៃ ។ ប្រជាជន​ខ្មែរ​យើង​ដែល​រស់នៅ​ជាយ​នៃ​ព្រះរាជ​ធានី​នេះ បានទទួល​នូវ​វប្បធម៌​ក្លិង្គ​ដែល​បាន​ហូរ​ចូល​ពី​សមុទ្រ ជ្រាបចូល​យ៉ាងជ្រៅ​ក្នុង​ផ្ទៃ​នៃ​ដែនដី​ខ្មែរ ... ។ ការសន្និដ្ឋាន​នេះ​សំអាង​ទៅលើ​កាក់​រ៉ូ​ម៉ាំង​មួយ ដែល​គេ​បាន​រកឃើញ​នៅ​ជិត​អាកាសយានដ្ឋាន​ពោធិចិនតុង និង​អម្បែង​ក្រឡ​ឆ្នាំង​ក្អម​ជាច្រើន​សន្ធឹកសន្ធាប់ នៅ​ភូមិ​ព្រែក​តា​គាំ ជិត​ស្ពាន​ជ្រោយចង្វា និង​ចុង​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ ។ នេះ​ឥត​និយាយ​ដល់​សំណល់​ប្រាសាទ​នា​សតវត្សរ៍​ទី​៧ នៃ​គ្រិស្តសករាជ​ផង ដែល​ស្ថិតក្នុង​រចនាប័ទ្ម​ព្រៃ​ក្មេង នៅលើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ឬ​លើ​ភ្នំ​ប្រសិទ្ធិ ឬក៏​ប្រាសាទ​អង្គរ ពោធិ​លោម ក្នុង​វត្ត​ឧណ្ណាលោម ដែលជា​កន្លែង​បញ្ចុះ​រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះ​អស្ស​ជិត​ត្ថេ​រ​តាំងពី​សម័យ​បុរាណកាល ។ ព្រះ​អស្ស​ជិត​ត្ថេ​រ បាន​និមន្ត​ពី​ប្រទេស​ឥណ្ឌា (​បង់​ហ្គា​ល​) មកកាន់​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​លទ្ធិ​ព្រះពុទ្ធសាសនា ហើយ​ព្រះ​ភិក្ខុសង្ឃ​ខ្មែរ​បាន​យក​ព្រះ​ឧណ្ណាលោម​របស់​ព្រះអង្គ​មក​បញ្ចុះ​ក្នុង​ព្រះ​ចេ​ត្យី​មួយ ដែល​ស្ថិតនៅ​ផ្នែក​ខាងលិច​នៃ​ព្រះវិហារ ប្រហែលជា​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ចេ​ត្យី​ទាំង​៥ ។ 
​    ​រាជធានី​ភ្នំពេញ បាន​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​ពញាយ៉ាត ជា​ស្តេច​ក្រោយ​សម័យអង្គរ ។ ស្តេច​អង្គ​នេះ​បាន​ផ្លាស់​ព្រះរាជ​ធានី​ខ្មែរ​ពី​តំបន់​សៀមរាប​អង្គរ មកកាន់​តំបន់​ភ្នំពេញ​យើង​នេះ ។ បុព្វហេតុ​បណ្តាលមកពី​ព្រះអង្គ​ប្រាថ្នា​ចង់​គេចផុត ពី​ការ​វាយឆ្មក់​មិន​ឈប់ឈរ​ពី​សំណាក់​កងទ័ព​សៀម​ឈ្លានពាន ។​

ទិដ្ឋភាពវត្តភ្នំ និងស្ពាននាគ ឯកសារបារាំងមុនឆ្នាំ ១៩៥០

​    ​ក្នុង​ទិដ្ឋភាព​ដ៏​ជូរចត់​នេះ បានជា​ព្រះអង្គ​យាង​ចាក​ចេញពី​តំបន់​ទន្លេសាប ដែលជា​ប្រភព​នៃ​វឌ្ឍនភាព​នា​សម័យអង្គរ ដែលជា​ជង្រុក​ត្រី​និង​ស្រូវ​នា​សម័យ​នោះ ។ ការជម្លៀស​ខួ​ន​បានធ្វើ​ឡើងជា​ពីរ​ដំណាក់ បន្ទាប់ពី​ស្រី​សន្ធរ​មក​ចតុមុខ ។​
​    ​ព្រះអង្គ​បាន​សាងសង់​ព្រះរាជវាំង​មួយ​នៅបាន​កាន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ពាម ផ្កាយ ម្រេច ក៏ប៉ុន្តែ​ដោយសារ​តំបន់​នេះ ជា​តំបន់​ទឹក​លិច​ព្រះអង្គ​បញ្ជា​ឲ្យ​គេ​ផ្លាស់​ទីតាំង​ភ្លាម ដើម្បី​ទៅ​តាំង​ព្រះរាជវាំង​មួយ​ថ្មី​ទៀត នៅឯ​មុខ​ទន្លេចតុមុខ​យើង​នេះ រវាង​ឆ្នាំ​១៤០០ និង​១៤៥០ នៃ​គ្រិស្តសករាជ ។​
​    ​ចំពោះ​កាលបរិច្ឆេទ​ខាងលើនេះ ថ្វី​ត្បិត​ព្រះរាជ​ពង្សាវតារ​ខ្មែរ បានចេញ​មតិ​ខុសប្លែកៗ​ពីគ្នា​ក៏ដោយ ក៏ប៉ុន្តែ​ការ​រើរុះ​នូវ​ព្រះបរមរាជវាំង​ចាស់ ហើយ​ការសាងសង់​ឡើងវិញ ជាពិសេស​ការផ្លាស់ប្តូរ​ទី​តាំងពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ត្រូវ​ប្រើពេល​យ៉ាងយូរ ។ ម្យ៉ាងវិញទៀត​នា​សម័យ​នោះ គេ​ប្រើ​កម្លាំង​មនុស្ស​និង​សត្វ​ដូចជា គោ ក្របី និង​ដំរី​សម្រាប់​ដឹកជញ្ជូន ។ នេះ​មិន​គិតដល់​ការជ្រើសរើស​ទីតាំង ឬក៏​ពិធីការ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​ផង ។ 
​    ​មានរឿង​ដំណាល​មួយ ដែល​ល្បី​ជាងគេ ហើយ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ជាងគេ​គឺ : មាន​ដូន​ម្នាក់​ឈ្មោះ​ពេញ គាត់​បាន​សាង​សង់ផ្ទះ​របស់គាត់ នៅ​ជិត​មាត់ច្រាំង​នៃ​ទន្លេមេគង្គ នៅលើ​ទួល​មួយ ។​
​    ​សូមបញ្ជាក់ថា ការរស់នៅ​ឬ​សាងសង់​ផ្ទះសម្បែង វត្ត​អារាម​ឬ​បូជនីយដ្ឋាន​នានា នៅលើ​ទួល​ឬ​ដីគោក ជា​ប្រពៃណី​របស់​ខ្មែរ​យើង ព្រោះ​ស្រុក​យើង​សម្បូរ​ទៅដោយ​ទឹក​នៅ​រដូវវស្សា ។​

ផ្លូវកាន់វត្តភ្នំ និង ស្ពាននាគមុនការខូចខាត (ឯកសារបារាំង)

​    ​ខ្ទម​របស់គាត់​ស្ថិតនៅ​ខាងកើត​នៃ​ខ្ទម​អ្នកតា​មួយ ។ ថ្ងៃមួយ​មាន​ទឹកជំនន់​ធំ​ធ្វើ​ឲ្យ​លិចលង់​ជុំវិញ​ទួល​នោះ​ទាំងអស់ ។ ដូនពេញ​ក៏​ចុះ​ពី​ផ្ទះ​របស់គាត់ ដែល​សង់​ខ្ពស់​ពី​ដី ហើយក៏​បានឃើញ​មាន​ដើម​គគី​ធំ​មួយ ដែល​បាន​រសាត់​តាម​ខ្សែទឹក ហើយ​មក​ប៉ះ​ជាប់​នឹង​មាត់ច្រាំង ។ ដូនពេញ​អរ​ណាស់​ដោយ​គិតថា អញ​នឹង​បាន​ឈើ​ប្រើ​ហើយ ក៏​ម្នីម្នា​ដើររក​ញាតិ​ញោម​ជិតខាង ដើម្បី​អូស​ឈើ​នេះ ។ ក្នុង​ខណៈនោះ​ស្រាប់តែ​ឃើញ​ព្រះ​បដិមា​បុរាណ​ចំនួន​៥​អង្គ ធ្វើ​អំពី​សំរឹទ្ធិ​និង​ថ្ម ។ ទេវរូប​សំរឹទ្ធិ​ខាងលើនេះ ជា​រូប​ព្រះ​នរាយណ៍ ទ្រង់​ឈរ ហើយ​នៅ​ដៃ​មាន​កាន់​ឧបករណ៍​និង​អាវុធ​ផ្សេងៗ ដូចជា ដំបង​, ខ្យងស័ង្ខ ។ រីឯ​ព្រះ​កេស​វិញ​មាន​ផ្នួងសក់ ។​
​    ​ដូនពេញ​សប្បាយ​ចិត្តជា​ពន់ពេក ក៏​ប្រមែ​ល​ប្រមូល​អ្នកស្រុក​ជិត​ឆ្ងាយ​ធ្វើបុណ្យ ។ គាត់​បាន​សាង​សង់រោង​មួយ​នៅមុខ​ខ្ទម​របស់គាត់ ដើម្បី​ដាក់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់នោះ ។ បន្ទាប់មកទៀត គាត់​ក៏បាន​ស្នើ​អ្នកស្រុក​ភូមិ​ឲ្យ​ជួយ​ពូនដី នៅមុខ​ផ្ទះ​គាត់​ឲ្យ​ខ្ពស់​ដូច​កូនភ្នំ ដើម្បី​ទុក​ជាទីគោរព​សក្ការៈបូជា ។​
​    ​លោកយាយ​និង​អ្នកស្រុក ក៏បាន​អារ​ដើម​គគី​នោះ ដើម្បី​យកទៅ​សាងសង់​ព្រះវិហារ ។ ក្រោយពី​បាន​សាងសង់​ព្រះវិហារ​ប្រក់​ស្បូវ​រួច លោកយាយ​ក៏បាន​និមន្ត​ព្រះសង្ឃ​ជាច្រើន​អង្គ ដើម្បី​ធ្វើ​ពិធី​អភិសេកព្រះ​និង​ទេវរូប ដោយ​ដាក់​តម្កល់​ក្នុង​ព្រះវិហារ​នោះ​ទៅ ។ ក្រោយពី​សូត្រមន្ត​រួច ព្រះសង្ឃ​ក៏បាន​សម្រេច​ព្រះទ័យ​រស់នៅ​ទីនោះ ដោយ​សាងសង់​កុដិ​នៅ​ខាងលិច​វត្ត​នោះ ។ ដូច្នេះហើយ បានជា​ចាស់ទុំ​ហៅ​វត្ត​ខាងលើនេះ​ថា វត្តភ្នំ​ដូនពេញ ហើយ​ក្រោយមកទៀត ក៏បាន​ក្លាយទៅជា​វត្តភ្នំ​រហូតដល់​សព្វថ្ងៃ​ទៅ ។​
​    ​ព្រះពុទ្ធ​អង្គ​ទាំង​៤ ព្រមទាំង​ព្រះ​នរាយណ៍ ដែល​គេ​តាំង​ឈ្មោះថា អ្នកតា​ព្រះ​ចៅ រមែងតែ​ផ្តល់​ចំពោះ​ព្រះរាជ​នគរ​ខ្មែរ នូវ​សិរី​មង្គល​និង​វិបុលភាព​គ្រប់ប្រការ ។​
​    ​នៅ​ជិត​ទីតាំង​វត្តភ្នំ​ដូនពេញ​ខាងលើ​នេះហើយ ដែល​ព្រះរាជា​ខ្មែរ​ពញាយ៉ាត ព្រះអង្គ​បាន​ស្ថាបនា​ព្រះរាជ​ធានី​របស់​ព្រះអង្គ ។​
​    ​រួម​សេចក្តី​មក ស្លាកស្នាម​វប្បធម៌​ខ្មែរ​គ្រប់​យុគសម័យ បាន​ត្រូវគេ​ជួបប្រទះ​នៅលើ​ទីតាំង​ស្ថិត​ជិត​ឆ្ងាយ នៃ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន ពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​សព្វថ្ងៃនេះ​បញ្ជាក់​ឲ្យ​ឃើញថា ទីតាំង​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ មាន​លក្ខណៈ​ប្រកបដោយ​អំណោយផល​ភូមិសាស្ត្រ ដោយមាន​ទន្លេ​៤​មុខ​ជាស​សៃ​ឈាម​ក្នុង​វិស័យសេដ្ឋកិច្ច ហើយក៏​ជា​មូលហេតុ​នៃ​ការរីកដុះដាល​នៃ​ភូមិភាគ​នេះ ។​

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post