នូ ហា​ច ម្ចាស់​រឿង ផ្កា​ស្រពោន

លោក នូ ហា​ច (​ទទួលបាន​ពី​សមាគម​អក្សរសិល្ប៍ នូ ហា​ច​)
លោក នូ ហា ច ( ទទួលបាន ពី សមាគម អក្សរសិល្ប៍ នូ ហា ច )
ភ្នំពេញ: “រទេះភ្លើង​បោល​លឿន​ដូច​ព្យុះ​កាត់​ព្រៃ​ខ្លុង​និង ព្រេច រត់​ឆ្លង​អូរ​ហើយ​ជ្រែ​កពុះ​ជើងភ្នំ​ដោយ​បញ្ចេញ​សន្ធឹក​ខ្ទ័រ​រំពង​ធ្វើឱ្យរញ្ជួយ​ផែន​ពសុធា ។​
បន្តិចក្រោយមក យាន​នោះ​ក៏​បើក​ផុត​ជួរ​ភ្នំ និង ព្រៃ​ស្ងាត់​អស់ ហើយ​បើ​ប្រសិនជា​គេ​អើត​តាម​បង្អួច​នៃ​ទូរ​ណាមួយ​ទៅ គេ​នឹង​បានឃើញ​វាលស្រែ​ដ៏​មាន​ភ្លឺ​ខ្មៅ​ប្រផេះ​ខ្វែង​ជា​ក្រឡាចត្រង្គ​ប្រកប​ដោយ​កិរិយា​ចេះ​រត់​ថយ​ក្រោយ​វិញ ។​វាលស្រែ ! វាលស្រែ ! ពាសពេញ​តៗ​ជាប់​គ្នា​ដល់​ជើងព្រៃ​ដែល​គេ​មើលឃើញ​ខៀវ​សន្លឹម ។
​នៅក្នុង​ស្រែ , សុទ្ធតែ​មាន​ទឹក​សស្ងាច , ពេញព្រៀប​ដែល​ខ្យល់​រំហើយ​បោកបក់​បណ្តាលឱ្យ​កើត​ជារ​ល​កព​ព្រាំ​មក​យោល​ដើមស្រូវ​ខ្ចី​ពណ៌​បៃតង​ស្រស់ ។
នៅក្នុង​ជំពូក​គុម្ព​ស្រូវ​នោះ​មាន​ផ្កាត្រកួន​ពណ៌​ស្វាយ , ផ្កា​ក្រជីប​ពណ៌​ក្រហម​ឆ្អៅ , ផ្កា​អញ្ចាញ​ពណ៌​លឿង​ដូច​មាសឆ្អិន​លាយឡំ​គ្នា​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច ។ បុប្ផា​ទាំងនេះ​ហាក់ដូចជា​ឧបត្តិក​ឡើង​សំរាប់​ជា​គ្រឿង​លំអ​នៃ​សំពត់​ព្រំ​ពណ៌​បៃតង​ដែល​លាតសន្ធឹង​ក្រោម​មេឃ​ស្រកា​នាគ និង ក្រោម​រស្មី​ថ្លា​ត្រចះ​នៃ​ព្រះ​សុរិយា …”​។​
​ ​នេះ​ជា​សម្រង់​ចេញពី​ប្រលោមលោក​រឿង​ផ្កា​ស្រពោន ពណ៌នា​ទេសភាព​ពីលើ​រថភ្លើង ត្រង់​វគ្គ យុវ​សិស្ស ប៊ុនធឿន ដែល​ជា​តួអង្គ​ឯក​ប្រុស ជាមួយ​យុវ​សិស្ស​វិទ្យាល័យ​ឯទៀតៗ​សម្រាក​វិស្សមកាល​ត្រឡប់​ទៅ​លំនៅឋាន​រៀងខ្លួន​វិញ​ដោយ​ជិះ​រថភ្លើង ។​
​ ​កាលណា​និយាយ​ដល់​គូស្នេហ​យុវវ័យ​ស្ម័គ្រស្មោះ កំសត់ ឬ គូស្នេហ៍​ក្បត់ចិត្ត​នោះ គេ​មិនសូវ​បំភ្លេច​តួអង្គ ប៊ុនធឿន និង នាង​វិធា​វី ក្នុង​រឿង​ផ្កា​ស្រពោន​ឡើយ ។​
​ ​លោក នូ ហា​ច ក៏​ត្រូវ​បា​គេ​ស្គាល់​បំផុត តាមរយៈ​ស្នាដៃ​ប្រលោមលោក​របស់លោក រឿង​ផ្កា​ស្រ​ពោន នេះឯង ។​ ​រឿង​ផ្កា​ស្រ​ពោន ត្រូវបាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​មធ្យមសិក្សា​នៅ​ឆ្នាំ​១៩៥៨ សព្វថ្ងៃ រឿងនេះ ត្រូវបាន​ដាក់បញ្ចូល​កម្មវិធីសិក្សា​ថ្នាក់ទី​៨​ទៀត​។​
​ ​នៅ​ឆ្នាំ​២០០២ នាម​របស់​អ្នកនិពន្ធ នូ ហា​ច ត្រូវបាន​គេ​យក​ទៅ​ប្រើ​ជា​ឈ្មោះ​សមាគម​អក្ស​រសិល្ប៍ ដែល​មានឈ្មោះ​ថា “​សមាគម​អក្សរ​សិល្ប៍​នូ ហា​ច “ និង សមូហកម្ម​អក្សរសិល្ប៍ ឈ្មោះថា “​សមូហកម្ម​អក្សរសិល្ប៍​នូ ហា​ច​” ។
​ ​វិចារណកថា​របស់ សមាគម​អក្សរសិល្ប៍​នូ ហា​ច និយាយថា “សមាគម​អក្សរសិល្ប៍​នូ ហា​ច បាន​យកឈ្មោះ​អ្នកនិពន្ធ​រៀមច្បង​ជាទី​គោរព​មក​ដាក់​ជា​ឈ្មោះ​របស់​ខ្លួន ក្នុង​បំណង​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិ​ឱ្យមាន​ការរីកចម្រើន​ជឿនលឿន​ទាន់សម័យ​” ។​
​ ​វិចារណ​កថា ដដែល​នេះ​បាន​បន្តទៀតថា “អ្នកនិពន្ធ នូ ហា​ច បាន​ឈាន​ចេញពី​អក្សរសិល្ប៍​ខ្មែរ​បុរាណ ដែល​សរសេរ​រឿង​សោកនាដកម្ម​តាម​ទ្រឹស្តី​ពុទ្ធសាសនា ជា​ពាក្យកាព្យ ឱ្យទៅ​ជា​ការ​ពិពណ៌នា និង ការនិទាន​ប្រកបដោយ​មនោសញ្ចេតនា“ ។​
​ហេតុ​នេះ​យើង​អាច​និយាយ​ដោយ​ពុំ​មាន​កំហុស​ថា ប្រលោមលោក​រឿង ផ្កា​ស្រពោន របស់លោក នូ ហា​ច ទោះជា​មាន​អាយុកាល​កន្លះ​សតវត្សរ៍​ហើយ​ក្តី ក៏​នៅតែ​មាន​ឥទ្ធិពល​ក្នុង​ព្រលឹង​ខ្មែរ​នៅឡើយ ។​
​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​កំពង់ព្រះ ស្រុក សង្កែ ខេត្ត​បាត់តំបង លោក ឃួន នៅ និង អ្នកស្រី ឱរ មួ​ច បាន​ផ្តល់​កំណើត​ឱ្យ​ទារក​ម្នាក់ ដែល​ក្រោយមក​ត្រូវបាន​ចារិក​ទុក​នៅ​ក្នុង​ប្រវត្តិ​អក្សរសាស្ត្រ​ជាតិខ្មែរ ឈ្មោះថា នូ ហា​ច ។ លោក​មាន​បងប្អូន​ប្រុស​៥​នាក់ និង ស្រី​៣​នាក់ ហើយ​លោក​គឺជា​កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​កសិករ​មួយ​នេះ ។​
​កាល​នៅ​កុមារភាព នូ ហា​ច បាន​ស្នាក់​រៀន​នៅក្នុង​វត្ត​កំពង់​ព្រះ ដែល​បង្រៀន​ដោយ​ព្រះសង្ឃ ហើយ​សិក្សា​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​បាន​យ៉ាង​ស្ទាត់ ។​
​ ​យុវជន​យើង​បាន​ប្រឡង​ជាប់​ចូល​សិក្សា​នៅ​អនុវិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ នៅ​ឆ្នាំ​១៩៣២ ។
​សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​រ៍ទី​២០ របស់ បណ្ឌិត ឃី​ង ហុក ឌី អះអាងថា លោក នូ ហា​ច បាន​ចូល​បម្រើ​ការងារ​ជា​ចៅក្រម នៅ​ឆ្នាំ​១៩៣៩​បន្ទាប់ពី​បាន​ប្រឡង​មធ្យមសិក្សាប័ត្រ​ភាគ​ទី​១​ហើយ​បាន​ផ្លាស់​មក​ភ្នំពេញ​បន្ទាប់ពី​បាន​រៀប​អាពាហ៍ពិពាហ៍ ។​
​ប៉ុន្តែ​ទស្សនាវដ្ដី សង្គមសាស្ត្រ​-​មនុស្សសាស្ត្រ ដែល​យើង​ទទួលបាន​តាមរយៈ​សមា​គម​អក្សរសិល្ប៍​នូ ហា​ច បាន​អះអាង​ថា “ ឆ្នាំ​១៩៣២ លោក​បាន​ប្រឡង​ជាប់​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ភ្នំពេញ ហើយ​លោក​បាន​បន្ត​ការសិក្សា​រហូត​ទទួលបាន​សញ្ញាប័ត្រ​មធ្យមសិក្សា ហើយ​លោក​បាន​ចាប់ផ្តើម​អាជីព​របស់​លោក​ជា​មេធាវី​យុត្តិធម៌​មួយរូប​បំពេញ​ការងារ​នៅក្នុង​ខេត្តសៀមរាប ។ លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី តាន់ រ៉េ​ម បន្ទាប់ពី​លោក​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ​” ។​
​អ្វី​ដែល​ខុស​គ្នា​បន្តិច​នៅទីនេះ​គឺ​ថា សៀវភៅ​របស់លោក ឃី​ង ហុក​ឌី ថា លោក​ធ្វើ​ជា​ចៅក្រម និង បាន​រៀបការ​រួច​ទើប​ត្រឡប់​ចូល​ភ្នំពេញ ។ ចំណែក​សមាគម​អក្សរសិល្ប៍​នូ ហា​ច ថា​លោក​បាន​ធ្វើ​ជា​មេធាវី​យុត្តិធម៌ ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់ពី​វិល​ចូល​ភ្នំពេញ ។ ទោះយ៉ាងណា យើង​យល់​ថា ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហា​ច មាន​ភាព​ច្បាស់លាស់​ជាង ។​
​ ​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​ទទួលបន្ទុក​ខាង​ការផ្សាយ​កាសែត​កម្ពុជា នៅ​ឆ្នាំ​១៩៤៧ ។​
​ ​១​ឆ្នាំ​ក្រោយមក ពោល​គឺ​នៅ​ឆ្នាំ​១៩៤៨ លោក​បាន​ធ្វើ​ជា​លេខាធិកា​ផ្ទាល់​របស់​ទ្រង់ យុត្តិ​វង្ស កាលដែល​ព្រះអង្គ​ជា​នាយករដ្ឋមន្ត្រី ។ បន្ទាប់​ពី​ទ្រង់ យុត្តិ​វង្ស សុគ​តទៅ លោក នូ ហា​ច បាន​វិល​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​វិញ​មាន​ឋានៈ​ជា ប្រធាន​នាយកដ្ឋាន ។​
​ ​ឆ្នាំ​១៩៥២ លោក បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​ដែល​នៅ​ជាប់​មុខងារ​ជា​មន្ត្រីការទូត ។​
​ ​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​១៩៥២​ដល់​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​១៩៥៣ លោក​ត្រូវបាន​សម្តេច​នរោត្តម សីហនុ តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង គមនាគមន៍ ។​
​ ​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​រ៍ទី​២០ របស់ បណ្ឌិត ឃី​ង ហុក ឌី បាន​កត់ចំណាំ​ថា នៅក្នុង​អំឡុង​ឆ្នាំ​១៩៦៩ ក្នុងពេល​ដែល​លោក​នៅ​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​នោះ លោក នូ ហា​ច បាន​ទទួល​តំណែង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ។ នេះ​ជា​តំណែង​ចុងក្រោយ​របស់​លោក ។
​សៀវភៅ​ដដែល​នេះ បាន​អះអាង​ទៀតថា លោក​បាន​និវត្តន៍​ចូល​ភ្នំពេញ​ប្រហែល​ជា​នៅ​ឆ្នាំ​១៩៧២ ហើយក៏​បាន​បាត់​ខ្លួន​នៅក្នុង​អំឡុង​របប​ខ្មែរប្រហម​១៩៧៥-១៩៧៩ ។​
​ ​ទស្សនាវដ្ដី សង្គមសាស្ត្រ​-​មនុស្សសាស្ត្រ ដែល​យើង​ទទួលបាន​តាមរយៈ​សមា​គម​អក្សរសិល្ប៍​នូ ហា​ច មាន​ភាពជាក់លាក់​ជាង​ថា “ ឆ្នាំ​១៩៥២ លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស​នៅ​ភ្នំពេញ ។ ក្នុង​កំឡុង​(​អំឡុង​)​ពេលនោះ លោក​ត្រូវបាន​គេ​តែងតាំង​ឱ្យទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ថៃ និង យូ​ហ្គោ​ស្លា​វី ។ លោក​ត្រូវបាន​គេ​ដំឡើង​ឋានន្តរសក្តិ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​វៀតណាម និង ជា​អ្នកតំណាង​ពិសេស​ប្រចាំ​អង្គការសហប្រជាជាតិ ។​
​ ​ឯកសារ​ដដែល​នេះ​បន្តទៀតថា លោក​បាន​វិលត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៧៤ ហើយ​លោក​ត្រូវបាន​ពួក​ខ្មែរ​ក្រហម​សំលាប់​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ ។​
​តាម​ជីវប្រវត្តិ​សង្ខេប របស់​អ្នកនិពន្ធ​សមាជិក នៃ សមាគម បានឱ្យដឹងថា លោក នូ ហា​ច បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ថ្ងៃ​ទី​១៧ មករា ឆ្នាំ​១៩៥៨ ។​
​ប៉ុន្តែ​ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហា​ច ថា លោក​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​១៩៤៨ ។ ចំណុច​នេះ​គឺ​មាន​ភាពខុសគ្នា​១០​ឆ្នាំ​គត់ ។​
​ ​ស្នាដៃ​របស់​លោក​មាន​ជា​៣​ប្រភេទ​គឺ ទី​១​គឺជា​រឿង​ខ្លីៗ​, ទី​២ កំណាព្យ ហើយ​ស្នាដៃ​ទាំងនេះ​ត្រូវបាន​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប្រចាំ​សប្តាហ៍​ឈ្មោះ “ រាត្រី​ថ្ងៃ​សៅរ៍ “ ក្នុង​ទសវត្ស​រ៍ទី​៦០ និង​ទី​៣ ស្នាដៃ​ប្រលោមលោក​ចំនួន​៤​រឿង​គឺៈ​
-​ ​ផ្កា​ស្រពោន (១៩៤៩)
-​ ​នារី​ជា​ទី​ស្នេហា (១៩៥៣)
-​ ​លាវ​ណ្យ និង រ​វិន្ទ ( ១៩៥៥)
-​ ​មាលា​ដួងចិត្ត ( ១៩៧២)

Source: http://www.cen.com.kh/localnews/show_detail/36?token=Mjk5NWJkYzZiMmZiNTNjMzI2NDJjNDNjZDAwMDk2

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post