ថ្ងៃ ពុធ ទី ៦ ខែ មេសា ឆ្នាំ ២០១១
ការសិក្សាមួយបានរកឃើញថា ការឡើងទម្ងន់ខ្លាំងក្នុងវ័យកណ្តាលធ្វើឲ្យបុរសនោះប្រឈមនឹង ការងងឹកភ្នែកនៅពេលដែលអាយុជ្រេបន្តិច ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការធាត់ដុះពោះកំប៉ោងនៅម្តុំចង្កេះបណ្តាលឲ្យសុភាពបុរសទាំង ឡាយស្ថិតនៅចំពោះមុខគ្រោះថ្នាក់នៃការលូតលាស់លក្ខខណ្ឌមួយដែលគេហៅ ថាAge-related macular degeneration គឺជាលក្ខខណ្ឌវេជ្ជសាស្រ្តដែលនាំទៅរកការបាត់បង់ការមើលឃើញរបស់ ប្រស្រីភ្នែក ។ ទោះបីទំហំចង្កេះបានរីកធំក្នុងកម្រិតតិចតួចក៏ដោយ ក៏អត្រាប្រឈមនឹងAMD(Age-related macular degeneration)មានដល់៧៥%ដែរ។ តែចំពោះស្រ្តីវិញ គឺពុំមានការប៉ះពាល់អ្វីឡើយ ។ ការខុសប្លែកគ្នារវាងបុរសនិងស្រ្តីនេះត្រូវបានគេគិតយោងទៅលើ អ័រម៉ូនOestrogenរបស់ស្រ្តី ។
លទ្ធផលនៃការសិក្សាខាងលើនេះកើតចេញពីការ សិក្សាពិសោធន៍លើបុរសនិងស្រ្តីជាង២១.០០០នាក់មានអាយុចន្លោះពី៤០ ទៅ៦៩ឆ្នាំដោយសាកលវិទ្យាល័យមែលបឺនប្រទេសអូស្ត្រាលី ។ បណ្តាអ្នកវិទ្យាសាស្រ្តរបស់សាកលវិទ្យាល័យនេះបាននិយាយថា៖«ការ សិក្សារបស់យើងលើកនេះបានបង្ហាញពីសារសំខាន់នៃការធាត់ដុះពោះ កំប៉ោង គឺជាការប្រឈមទៅនឹងលក្ខខណ្ឌAMDខាងលើ។ សូម្បីតែការផ្លាស់ប្តូរទំហំចង្កេះបន្តិចបន្តួច ក៏អាចប្រឈមនឹងការបាត់បង់ការមើលឃើញផងដែរ»៕
Source: http://www.kohsantepheapdaily.com.kh/article/20110406-003147.html