ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកនិយាយថា មានភស្តុតាងរឹងមាំដែលភ្ជាប់អូរ៉ាល់សិច(ការរួមរ័កតាមមាត់)ទៅនឹងជំងឺមហារីក ហើយបានជំរុញឲ្យធ្វើការសិក្សាបន្ថែមទៀតដើម្បីរកមូលហេតុដែលបង្ហាញថាវីរុសpapillomavirus(HPV) របស់មនុស្សអាចជាមូលហេតុចំពោះកំណើនជំងឺមហារីកមាត់និងបំពង់កក្នុងចំណោមបុរសជនជាតិស្បែកស។
នៅក្នុងសហរដ្ឋអាមេរិកជំងឺមហារីកមាត់និងបំពង់កដែលបណ្តាលមកពីវីរុស្សម្យ៉ាងឈ្មោះ HPV នោះ នៅពេលនេះកើតឡើងញឹកញាប់ជាងជំងឺមហារីកមាត់និងបំពង់កដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលនៅតែជាមូលហេតុឈានមុខគេដែលនាំឲ្យកើតជំងឺមហាបែបនេះទៅទៀតនៅក្នុងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញការកើនឡើង២២៥ភាគរយនៃករណីជំងឺមហារីកមាត់និងបំពង់កនៅក្នុងសហរដ្ឋអាមេរិកពីឆ្នាំ១៩៧៤ដល់ឆ្នាំ២០០៧ ជាពិសេសនៅក្នុងចំណោមបុរសជនជាតិស្បែកស នេះបើយោងតាមលោកស្រី ម៉ូរ៉ា ហ្គីលីសុន នៅសាកលវិទ្យាល័យអូហាយយ៉ូ បាននិយាយកាលពីថ្ងៃអាទិត្យ។
លោកស្រីហ្គីលីសុន ដែលបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវអំពីវីរុស្សHPV និងជំងឺមហារីកអស់រយៈពេល១៥ឆ្នាំមកនោះ បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងកិច្ចប្រជុំនៅឯសមាគមអាមេរិកសម្រាប់ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា “នៅពេលដែលអ្នកធ្វើការប្រៀបធៀបរវាងអ្នកដែលកើតជំងឺមាត់ បំពង់កនិងអ្នកដែលអត់មានជំងឺមាត់និងបំពង់ក កត្តាដ៏ធំបំផុតតែមួយគត់ គឺចំនួនដៃគូដែលអ្នកនោះបានរួមភេទជាមួយតាមរយៈមាត់។នៅពេលដែលចំនួនដៃគូកើនឡើង គ្រោះថ្នាក់ក៏កើនឡើងដែរ”។
-ការសិក្សាស្រាវជ្រាវមុនៗបានបង្ហាញថា អ្នកដែលបានរួមភេទតាមមាត់ជាមួយដៃគូស្នេហា៦នាក់ឡើងទៅនៅក្នុងមួយជីវិតរបស់ខ្លួននោះ ប្រឈមនឹងគ្រោះថ្នាក់កើនឡើង៨ខ្ទង់នៃការកើតជំងឺមហារីកក្បាលឬកដែលទាក់ទិននឹងវីរុស្ស HPV.