ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា១ដុល្លារអាមេរិក អាចប្តូរបាន ៣ ៩៩៧ រៀល កាលពីម្សិលមិញ។ តម្លៃនេះ ទាបជាងកាលពីមួយសប្តាហ៍មុន ដែលមួយដុល្លារ ប្តូរបាន៤ ០៣៥រៀល និងខ្ពស់ជាង កាលពីរដូវក្តៅឆ្នាំ២០១០ ដែលមានអត្រា ៤ ២៥០រៀលក្នុងមួយដុល្លារអាមេរិក។
អ្នកស្រី សៀង លឹម ម្ចាស់ហាងប្តូរប្រាក់ហាងប្តូរប្រាក់លី ហួរ បានសង្កេតឃើញថា រូបិយប័ណ្ណក្នុងស្រុក បានឡើងថ្លៃយ៉ាងឆាប់រហ័ស បើធៀបនឹងដុល្លារ។ អ្នកស្រីមានប្រសាសន៍ថា៖ «យើងខ្វះខាតចរាចរប្រាក់រៀល នៅលើទីផ្សារ។ នេះដោយសារតម្រូវការប្រាក់រៀលកើនឡើងក្រោយពីរដូវប្រមូលផលរួច ធ្វើឲ្យអាជីវករត្រូវការប្រាក់រៀល ដើម្បីទិញស្រូវឬផលិតផលកសិកម្មផ្សេងៗទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Suzuki Hiroshi អគ្គនាយកនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជាបានឲ្យ ដឹងថា រដូវប្រមូលផល ជាហេតុផលទីពីរដែលស្ថិតនៅពីក្រោយការឡើងថ្លៃនៃប្រាក់រៀល។
លោក Suzuki Hiroshi បានបន្ថែមទៀតថា ដុល្លារអាមេរិកកំពុងតែចុះថោក ធៀបនឹងរូបិយប័ណ្ណអន្តរជាតិផ្សេងៗទៀត ជាពិសេសអឺរ៉ូ និងយន់។ លោកបានលើកឡើងថា៖ «ហេតុផលទីពីរគឺរដូវកាលចូលឆ្នាំខ្មែរ ដូច្នេះនៅជនបទត្រូវការប្រាក់រៀលជាខ្លាំង»។ លោកបន្តថា ការឡើងថ្លៃនៃប្រាក់រៀល នឹងបង្កើតអំណាចទិញនៅកម្ពុជា ដែលអាចទូទាត់ដល់ការកើនឡើងតម្លៃប្រេង លើទីផ្សារអន្តរជាតិ។
លោកជា សុខ ប្រធានធនាគារអេស៊ីលីដាបានឲ្យដឹងថា ជាទូទៅកម្ពុជាត្រូវការប្រាក់ដុល្លារសម្រាប់នាំចូលទំនិញ ដែលជាញឹកញាប់ទំនិញទាំងនោះ លក់ជាប្រាក់រៀលវិញ។
លក្ខខណ្ឌរបស់រដ្ឋាភិបាល ក្នុងការបង់ពន្ធជាប្រាក់រៀល បានរួមចំណែកធ្វើឲ្យតម្លៃប្រាក់រៀលឡើងថ្លៃ ដោយសារប្រាក់រៀល ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
លោក Suzuki Hiroshi ឲ្យដឹងថាធនាគារកណ្តាល តាំងចិត្តរក្សាតម្លៃប្រាក់រៀល ឲ្យនៅមានស្ថិរភាព ពោលគឺស្ថិតនៅចន្លោះ៤០០០ និង៤២០០រៀល។
លោកបន្តថាស្ថានភាពនាពេលបច្ចុប្បន្នមិនបានចោទជាបញ្ហាឡើយ ប៉ុន្តែធនាគារជាតិគួរអន្តរាគមន៍ ប្រសិនបើអត្រាប្តូរប្រាក់ឡើងចុះខ្លាំងពេក។
លោក ស៊ុម សន្និសីទ អគ្គលេខាធិការធនាគារជាតិ បានឲ្យដឹងថា គោលដៅរបស់ធនាគារនេះគឺស្ថិរភាពអត្រាប្តូរប្រាក់ខ្លាំង ដោយលោកបានបន្ថែមទៀតថា៖ «យើងមិនចង់ឲ្យវាឡើងថ្លៃ ឬចុះថ្លៃខ្លាំងទេ»៕
Source: http://postkhmer.com/index.php?option=com_content&view=article&id=55693:2011-04-05-04-45-14&catid=2:business-news&Itemid=77