- Tuesday, 05 April 2011 11:50
- សៀម ប៊ុនធី
យោងតាមស្ថិតិខាងលើ ការនាំពោតចេញរយៈពេលពីរខែនៅឆ្នាំ នេះមានចំនួន ៦៦៩៤តោន កើនឡើង ៣៨ភាគរយបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាពីឆ្នាំមុនដែលមានត្រឹមតែ៤៨៤១តោនប៉ុណ្ណោះ។ ស្ថិតិដដែលបង្ហាញទៀតថា ការនាំចេញពោតនៅរយៈពេលពីរខែក្នុងឆ្នាំនេះមានតម្លៃជាង ២៨ម៉ឺនដុល្លារ លើសរយៈពេលដូចគ្នាពី២០១០ប្រមាណ ៦ម៉ឺនដុល្លារ។
លោក ឃួន សាវុធ ប្រធានការិយាល័យស្ថិតិនៃអគ្គនាយកដ្ឋានកាំកុងត្រូលមាន ប្រសាសន៍ថា ការនាំចេញមានការកើនឡើងនេះ ដោយសារតែពោតឆ្នាំនេះទទួលបាន ផលល្អ និងមានតម្លៃខ្ពស់ផងដែរ។ លោកបញ្ជាក់ថា៖ «ការកើនឡើងនូវទិន្នផលពោត ហើយព្រមទាំងវាមានតម្លៃខ្ពស់ទៀតនោះ និងអាចជួយឲ្យពួកគាត់[កសិករ]មានជីវភាព ធូរធារថែមមួយកម្រិតទៀត»។
ពោតភាគច្រើនត្រូវបានឈ្មួញនាំចេញទៅលក់នៅប្រទេសថៃ និងកោះតៃវ៉ាន់។
លោក ជា គារ ប្រធានក្រុមហ៊ុន PBCK អភិវឌ្ឍន៍ជាក្រុមហ៊ុននាំកសិផលទៅ លក់នៅប្រទេសថៃបានឲ្យដឹងថា ក្រុមហ៊ុនលោកទើបតែបើកដំណើរការទិញពោតពីប្រជាពលរដ្ឋនៅ ខេត្តប៉ៃលិននៅឆ្នាំនេះ ដោយប្រមូលទិញ បានជិតមួយម៉ឺនតោន។ លោកមិនបានបង្ហាញពីចំនួន នៃការនាំចេញនៅរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះទេ តែលោកបានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុននាំចេញបានប្រមាណ ៦ពាន់តោនហើយ ហើយមានគម្រោងនាំចេញ៣ពាន់តោនទៀត។ លោកអះអាងថា៖ «ផលពោតនៅឆ្នាំនេះគឺមានកំណើនច្រើនជាងឆ្នាំមុន ហើយតម្លៃក៏ខ្ពស់ផងដែរ»។
តាមលោក ជា គារ តម្លៃពោតស្ងួតពេលនេះកើនឡើងជាង៣៣ភាគរយ គឺជាង៨០០រៀលក្នុងមួយគីឡូក្រាម ធៀបនឹងឆ្នាំទៅ ដែលមានតម្លៃតែជាង៦០០រៀលប៉ុណ្ណោះ។ លោកបន្ថែមថាក្រុមហ៊ុនលោកនឹងប្រមូលទិញពោត៥ម៉ឺនតោននៅ ឆ្នាំនេះ។
អ្នកស្រី ឈន់ សារិម កសិករដាំពោតនៅខេត្តប៉ៃលិន លើកឡើងថាកាលពី២០១០ កសិករនៅខេត្តប៉ៃលិននាំគ្នាសម្រុកដាំពោតច្រើនទើបធ្វើឲ្យកំណើន ទិន្នផលពោតកើនមកដល់ឆ្នាំនេះ។
នៅឆ្នាំនេះកសិករភាគច្រើនបានងាកមកដាំដំឡូងមីជំនួសដំណាំ ផ្សេង ទៀត ខណៈកម្ពុជាបានរកទីផ្សារថ្មីសម្រាប់ដំណាំនេះ ពោលគឺទីផ្សារនៅចិន។ តែ ឈន់ សារិម បញ្ជាក់គាត់នៅតែបន្តដំាពោតដដែល៖ «នៅឆ្នាំនេះខ្ញុំដាំពោតច្រើនជាងដាំដំឡូង ព្រោះវាមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ។ ម៉្យាងទៀតដោយកសិករភាគច្រើននាំគ្នាសម្រុកដាំដំឡូងច្រើន ដូច្នេះពោត នឹងអាចមានតម្លៃកាន់តែខ្ពស់»។
កាលពីឆ្នាំ២០១០ ការនាំចេញពោតសរុបមានចំនួន ៨៦ ៥៣៣,៦៦ តោន មានតម្លៃជាង៤លាន៥សែនដុល្លារ៕
Source: http://postkhmer.com/index.php?option=com_content&view=article&id=55695:2011-04-05-04-52-30&catid=2:business-news&Itemid=77