
ភាវៈពិបាកមានបុត្រ (Infertility) សំដៅទៅលើការដែលគូស្វាមីភរិយា មិនបានពន្យារកំណើត ឬបញ្ឈប់ការពន្យារកំណើត យ៉ាងហោចណាស់១ឆ្នាំនឹងមានការរួមរ័កញឹកញាប់ រយៈពេលមួយឆ្នាំហើយ នៅតែមិនមានផ្ទៃពោះ។ សូមកុំយល់ច្រឡំឲ្យសោះថា ភាពអារ គ្មានកូន សិ្ថនៅក្នុងភាវៈពិបាកមានបុត្រឲ្យសោះ ព្រោះភាពអារ (Sterility)សំដៅទៅលើការដែលបុគ្គលនោះ មិនអាចមានមធ្យោយបាយកែខៃឲ្យមានបុត្របាន ដូចជាស្រី្តដែលគ្មានស្បូន បុរសដែលមិនមានការផលិតមេជីវិត។
មានកត្តាជាច្រើន ដែលបណ្តាលឲ្យបុរស-ស្រី្តពិបាកនឹងមានបុត្រ តែចំពោះមួលហេតុណាមួយប្រាកដប្រជាសម្រាប់អ្នកនោះ វាអាស្រ័យទៅលើអ្នកខ្លួនឯង ជាអ្នកពិនិត្យរកមើលមួលហេតុនោះ។
ចំពោះស្រី្តភេទ អាចបណ្តាលមកពីកត្តាអាយុ សុខភាពផ្លូវកាយ និងចិត្ត រដូវមកមិនប្រក្រតី ភាពខុសប្រក្រតីនៃអវៈយវៈភេទ និងអាងត្រគាក ជាពិសេសគឺភាពខុសប្រក្រតីនៃការធ្វើការរបស់ក្រពេញគ្មានបំពង់បង្ហូរ ដូចជាក្រពេញទីរ៉ូអ៊ីដ (Pituitary) ក្រពេញហៃប៉ូថាឡាម៉ាស់ (Hypothalamus)ជាក្រពេញស្រោមខួរក្បាល ដែលមានភាពសំខាន់ជាខ្លាំង។ ប្រសិនបើក្រពេញទាំងនេះធ្វើការខុសប្រក្រតី វាអាចពាក់ព័ន្ធទៅដល់សម្បុកពង ធ្វើឲ្យសម្បុកពងពិបាកជម្រុះអ៉ូវុល ជាហេតុធ្វើឲ្យពិបាកមានបុត្រ។
ចំពោះបុរស ជាទូទៅ វាស្រដៀងគ្នានឹងស្រី្តភេទដែរ ដែលអាចមានបច័្ចយមកពីកត្តាសុខភាព កាយ មានជំងឺប្រចាំកាយ រហូតមិនចង់ធ្វើកិច្ចការផ្ទះ(រួមរ័ក)។ បុរសខ្លះ មានដៃគូស្នេហាច្រើន ធ្វើការងារលើគ្រែខ្លាំងពេក រហូតដល់មេជីវិតផលិតមិនទាន់ ក៏អាចធ្វើឲ្យពិបាកមានបុត្រដូចគ្នា។
ក្រៅពីនេះ នៅមានមូលហេតុផ្សេងៗទៀត ដូចជាការផលិតមេជីវិត ឬបំពង់នាំមេជីវិតត្បៀត ភាពខុសប្រក្រតីរបស់ក្រពេញគ្មានបំពង់បង្ហូរ មិនថាជាក្រពេញទីរ៉ូអ៊ីដ ក្រពេញខួរក្បាល ក៏សុទ្ធតែធ្វើឲ្យមានការប៉ះពាល់ដល់ការពិបាកមានបុត្រទាំងអស់។
នៅមានកត្តាផ្សេងទៀត ដែលជាបច្ច័យរួមរវាងបុរស និងស្រី្ត ដែលធ្វើឲ្យប៉ះពាល់ដល់ការមានបុត្រនោះគឺៈ
ការរួមរ័កមិនមានភាពញឹកញាប់ៈ
ការរួមរ័ករង្វើលពេក ធ្វើឲ្យឱកាសដែលមេជីវិតទៅជួបនឹងអូវុលស្រី្តនោះ មានតិចទៅៗ ព្រោះក្នុងមួយខែ ពងធ្លាក់តែ១ដងគត់។ ដូច្នេះ ការរួមរ័កយូរៗម្តង ដូចជាមួយសបា្តហ៍ម្តង ក៏អាចមានឱកាសភ្លាត់ផងដែរ។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា គូស្វាមីភរិយាដែលបានរួមរ័កគ្នា មួយសបា្តហ៍៤ដង ទើបឱកាសមានកូនកម្រិតខ្ពស់។
មិនមានការរួមរ័កតាមទ្វារមាសៈ
បញ្ហានេះ នៅកម្ពុជាមានតិចតួចណាស់ ប៉ុន្តែ ពុំមែនមានន័យថា គ្មាននោះដែរ។ អ្នកខ្លះយូរៗទើបមានការរួមរ័កតាមប្រក្រតី ដោយបែរជាទៅប្រើរន្ធគូទ ឬមាត់ជំនួសទ្វារមាសទៅវិញ។ បែបនេះ តើឲ្យមានផ្ទៃពោះ ម្តេចនឹងកើតទៅ?
ខ្វះចំណេះដឹង ឬអនុវត្តពុំត្រឹមត្រូវៈ
ដូចជានៅពេលរួមរ័ករួចរាល់ហើយភ្លាម ភាគីស្រី្តប្រញាប់ក្រោកទៅលាងជម្រះទ្វារមាសភ្លែតតែម្តង ព្រោះខ្លាចភាពកខ្វក់ បើទោះជាចង់មានកូនក៏ដោយ ឬមានការយល់ច្រឡំនឹងអំឡុងពេល នៃការជម្រុះអូវុល ឬធ្វើការកំណត់ថ្ងៃជម្រុះអូវុលខុសជាដើម។
ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងមេជីវិតៈតាមការសិក្សារកឃើញថា មានស្រី្តចំនួនមិនតិចទេ ដែលមានប្រព័ន្ធការពាររាងកាយប្រឆាំងមេជីវិតដែលកើតឡើងក្នុងរាងកាយ។ ដូច្នេះហើយ ទើបពេលរួមរ័កគ្នា មេជីវិតបុរសត្រូវសម្លាប់ចោលអស់ មិនបន្សល់ទុកឲ្យបន្តពូជទេ។ បែបនេះក៏ធ្វើឲ្យពិបាកនឹងមានកូនដែរ។ក្រោយពីអ្នកបានដឹងពីមូលហេតុនៃការពិបាកមានបុត្រហើយនោះ គួរប្រញាប់ពិគ្រោះគ្នា រកច្រកចេញដ៏សមស្របថា កត្តាណាមួយដែលធ្វើឲ្យអ្នកពិបាកមានបុត្រ? ជាពិសេស គួរទៅជួបគ្រួពេទ្យជំនាញផ្នែកសុខភាពបន្តពូជ ដើម្បីរកដំណោះស្រាយ៕
ប្រភពៈ អង្គរធំ ដោយៈ តាអង្គរធំ